Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខេត្តសៀមរាប
January 19, 2025

នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចកែលម្អបន្ថែមនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខេត្តសៀមរាប។

ការចុះពិនិត្យវឌ្ឍនភាព គឺធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ ទៅលើដំណើរការនៃការផ្តល់សេវារបស់មន្ទីរពេទ្យ និងជួយរៀបចំលំហូរអ្នកជំងឺ ជាពិសេសផ្នែកពិគ្រោះអ្នកជំងឺក្រៅ ផ្នែកចុះឈ្មោះ និងកន្លែងបង់ប្រាក់។ 

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល ដោយពង្រាយបុគ្គលិកគ្រប់ផ្នែក មានក្រមសីលធម៌ល្អ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងបានចូលរួមដោះស្រាយបញ្ហាមួយចំនួន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៅលើ៖ 

- ពិនិត្យ និងពង្រឹងសមត្ថភាពផ្អែកសង្រ្គោះបន្ទាន់ ផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ ដែលជាចំនុចសំខាន់ក្នុងការពង្រឹង គោលបំណង ធ្វើអោយផ្នែកទាំងបួននេះ ផ្តល់សេវាប្រកបដោយគុណភាព និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ។ 

- ពិនិត្យណែនាំក្នុងការប្រើប្រាស់ថវិការក្នុងការអភិវឌ្ឍ មន្ទីរពេទ្យប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព ។ 

- ការរៀបចំឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗ ឱ្យមានភាពត្រឹមត្រូវ ។ 

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរ ណែនាំដល់មន្រ្តីទាំងអស់ចំណុះក្រសួង ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត តាមតួនាទីភារកិច្ចបានប្រគល់ជូន និងអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7