Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ សម្រាប់ការត្រៀមបើកសាកល្បង
April 04, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណរុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ សម្រាប់ការត្រៀមបើកសាកល្បង ធានាបាននូវភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាពខ្ពស់បំផុតជូនបងប្អូនប្រជាពលរដ្ឋ។

ដើម្បីផ្តល់នូវសុខុមាលភាព ដល់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល ត្រៀមជានិច្ច នូវយន្តការគាំពារសុខភាព រួមមាន៖

១.ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ នៅនឹងកន្លែង ដោយចាត់តាំងក្រុមគ្រូពេទ្យជំនាញ និងបុគ្គលិកសុខាភិបាល ឱ្យប្រចាំការនៅតាមស្តង់សុខភាព ក្នុងបរិវេណអាកាសយានដ្ឋាន ដើម្បីបម្រើសេវាសង្គ្រោះបឋម ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា

២.រថយន្តសង្គ្រោះបន្ទាន់ នឹងត្រូវដាក់ឱ្យប្រចាំការត្រៀមអន្តរាគមន៍ ជាមួយនឹងការសម្របសម្រួល "គន្លងផ្លូវអាទិភាព" ដើម្បីបញ្ជូនអ្នកជំងឺបានរហ័សបំផុត ក្នុងករណីគ្រោះអាសន្ន

៣.រៀបចំបណ្តាញមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែក ត្រៀមបុគ្គលិក ឧបករណ៍ និងឱសថសង្គ្រោះ ដើម្បីឆ្លើយតបគ្រប់ហេតុការណ៍ជាយថាហេតុ

៤.ការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារ ក្រុមជំនាញនឹងចុះណែនាំផ្ទាល់ដល់អ្នកលក់ចំណីអាហារ អំពីការរក្សាអនាម័យ ដើម្បីបង្ការការការពារ និងធានាបាននូវសុខុមាលភាពដល់អ្នកទទួលទាន។

ដោយសារព្រឹត្តិការណ៍នេះធ្វើឡើងក្នុងរដូវកាលដែលមានអាកាសធាតុក្តៅខ្លាំង ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាពិសាទឹកឱ្យបានច្រើន និងយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារតូចៗ ក៏ដូចជាជៀសវាងការចូលទៅកាន់តំបន់ហាមឃាត់ដែលមានហានិភ័យ។

ក្រសួងនឹងសហការយ៉ាងជិតស្និទ្ធជាមួយសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើឱ្យការសម្រាកកម្សាន្តរបស់បងប្អូនប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8