ខេត្តសៀមរាប៖ ព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាសម្របសម្រួលប្រចាំឆ្នាំ រវាងក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដោយបានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាល រាជធានី ខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ១០០រូប។
ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ ដល់អង្គការដៃគូអភិវឌ្ឍន៍សុខាភិបាលទាំងអស់ ដែលបានបន្តបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ និងមានភាពម៉ឹងម៉ាត់ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារតាមវិស័យរៀងៗខ្លួន។
វេទិកាប្រចាំឆ្នាំនេះ មានគោលបំណងពង្រឹងការសម្របសម្រួល រវាងក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដើម្បីតាមដានវឌ្ឍនភាពលើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងជាពិសេស ដើម្បីកំណត់នូវបញ្ហាប្រឈមនានា និងដំណោះស្រាយពីអ្នកចូលរួម ដែលអាចធ្វើឱ្យប្រសើរឡើងនូវការស្វែងរកធនធាន ការធ្វើផែនការសកម្មភាព និងការត្រួតពិនិត្យសកម្មភាពសុខាភិបាល នៅថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដែលក្រុមការងារបច្ចេកទេសសុខាភិបាល ថ្នាក់រាជធានី ខេត្ត និងដៃគូអភិវឌ្ឍន៍សុខាភិបាល ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាពការងាររបស់ខ្លួន ក្នុងឆ្នាំ២០២៦ នេះ មានជាអាទិ៍៖ ១)ពង្រឹងការសម្របសម្រួល ដែលផ្តោតលើភស្តុតាង៖ កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល ថ្នាក់រាជធានី ខេត្ត ត្រូវផ្អែកលើសកម្មភាពជាក់ស្តែង ការពិភាក្សា ផ្តោតលើលទ្ធផលជាក់លាក់ ការតាមដានសកម្មភាពដែលបានព្រមព្រៀងគ្នាក្នុងសូចនាករគន្លឹះ ២)ពង្រឹងតំណភ្ជាប់ជាតិ និងថ្នាក់ក្រោមជាតិ៖ ត្រូវតែពង្រឹងការចូលរួមរបស់ក្រុមការងារបច្ចេកទេសសុខាភិបាលរាជធានី ខេត្ត (Pro-TWGH) ដោយធានាបាននូវការទំនាក់ទំនងកាន់តែប្រសើរឡើង និងការគាំទ្រជាក់ស្តែង ព្រោះលទ្ធផលសុខភាពពិតប្រាកដ គឺកើតចេញពីការអនុវត្តផ្ទាល់នៅមូលដ្ឋាន និង ៣)ជំរុញនិរន្តរភាព និងភាពជាដៃគូយុទ្ធសាស្ត្រ៖ ក្នុងស្ថានភាពដែលហិរញ្ញប្បទានខាងក្រៅមានការថយចុះ យើងត្រូវគិតគូរខ្ពស់លើការស្វែងរកធនធានក្នុងស្រុក ជំនួយបច្ចេកទេស នវានុវត្តន៍ និងជំរុញការវិនិយោគ ដែលគាំទ្រការកសាងសមត្ថភាពប្រព័ន្ធ ដែលមានភាពធន់ និងមាននិរន្តរភាព។
សូមបញ្ជាក់ជូនថា ក្រសួងសុខាភិបាល និងអង្គការដៃគូទាំងអស់ បានប្តេជ្ញាចិត្តរួមគ្នា បន្តកិច្ចសហការក្នុងស្មារតីរួបរួមសាមគ្គី គិតផលប្រយោជន៍រួម គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងអនុវត្តយន្តការសម្របសម្រួលជាប្រចាំ ដើម្បីធានាការអភិវឌ្ឍវិស័យសុខាភិបាល ធានាសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។