កិច្ចប្រជុំក្រុមការងារក្រសួងសុខាភិបាលជាមួយថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ដើម្បីលើកកម្ពស់ និងពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងគត់មត់។
——
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាលដឹកនាំដោយ ឯកឧត្តមសាស្រ្តចារ្យ កុយ វ៉ាននី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ដើម្បីលើកកម្ពស់ និងពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ដោយមានប្រសិទ្ធិភាពព្រមជាមួយប្រសិទ្ធិផល ដែលរួមមាន៖
១. ការបម្រើសេវាតាមរយៈការប្រើប្រាស់ប្រព័ន្ធគាំពារសង្គម ប.ស.ស និងមូលនិធិសមធម៌ បម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅដែលមករកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាល ជាពិសេសក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ក៏ដូចជាពេលបន្តបន្ទាប់ទៀតផងដែរ។
២. ការចុះអភិបាលលើកកម្ពស់និងកែល្អគាំទ្រមូលដ្ឋានសុខាភិបាលពីថ្នាក់ជាតិ ដល់ថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុក ប.ស.ស ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រធាននាយកដ្ឋានសេវាសុខភាព ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុកទូទាំង២៥ រាជធានី-ខេត្ត។