Cambodia
New Details

Image
«ប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលធំៗចំនួនបី៖ គ្មានការស្លាប់ដោយសារជំងឺគ្រុនចាញ់ គ្មានភាពស៊ាំថ្នាំគ្រុនចាញ់ គ្មានជំងឺគ្រុនចាញ់គ្រប់ប្រភេទចាប់ពីចុងឆ្នាំ២០២៥ និងប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»
April 22, 2026

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»។

ទិវានេះរៀបចំឡើងដើម្បី ១) ចែករំលែកសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២) ជំរុញការតាំងចិត្ត និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានសម្រេចជោគជ័យ  និង៣) បន្តប្រឹងប្រែងរក្សាសមិទ្ធផលដែលសម្រេចបាន ការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ ជាពិសេសករណីជំងឺនាំចូលពីក្រៅប្រទេស និងធានាថាការតាមដាន ការរាយការណ៍ និងឆ្លើយតបអនុវត្តឱ្យបានម៉ត់ចត់។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយ «សុខភាពតែមួយ» និងសូមអំពាវនាវដល់រដ្ឋបាលខេត្ត និងអន្តរវិស័យទាំងអស់ សហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរឡើង។ 

ក្នុងឱកាសទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ និងសម្តែងការគោរពអំណរគុណ ចំពោះការយកចិត្តទុកដាក់លើវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការកាត់បន្ថយជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាល។ ជោគជ័យនេះ កើតចេញពីការវិនិយោគរបស់រាជរដ្ឋាភិបាល ការអនុវត្តយុទ្ធសាស្ត្រ «សុខភាពតែមួយ» ដែលផ្សារភ្ជាប់រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន ព្រមទាំងបានមកពីការចូលរួមយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ធ្វើឱ្យសហគមន៍ មានការយល់ដឹង និងការពារការចម្លងជំងឺ និងការមកទទួលយកសេវាសុខភាពបានទាន់ពេលវេលា។

ទិវានេះមានសមាសភាពអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ជាតិសម្រាប់តាមដាននិងវាយតម្លៃផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ (ក.ជ.ច.) មានតំណាងក្រសួង ១៥ និង អភិបាលរាជធានី-ខេត្ត ២៥ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការដៃគូអភិវឌ្ឍ វិស័យឯកជន និងសមាសភាពតាមប្រព័ន្ធនិមិ្មតមាន សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ កម្មវិធីគ្រុនចាញ់ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាព សរុប ១ ០១៨នាក់។

រំលេចដែរថា ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងអវត្តមានករណីជំងឺឆ្លងថ្មីក្នុងប្រទេសចាប់តាំងពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នឆ្នាំ២០២៦ និងជាប្រទេសទី១ក្នុងមហាអនុតំបន់ទន្លេមេគង្គដែលបានសម្រេចគោលដៅតាមផែនការគ្រោងទុកមុនគេតាមកាលកំណត់ជាក់លាក់ដោយគ្មានការផ្លាស់ប្តូរផែនការពេលវេលា។ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សម្រេចបាននូវផលិតភាពសមិទ្ធផលផែនការយុទ្ធសាស្រ្ត ទាំង ៣គោលដៅ រួមមាន៖ ១). បញ្ចប់ភាពស៊ាំថ្នាំអាតេមីស៊ីនីនសម្លាប់មេរោគគ្រុនចាញ់នៅឆ្នាំ២០១៥ តាមផែនការ, ២). បញ្ចប់មិនឱ្យមានស្លាប់ដោយគ្រុនចាញ់នៅឆ្នាំ២០១៨ មុនផែនការ៣ឆ្នាំ ព្រមទាំងបញ្ចប់លែងឱ្យមានគ្រុនចាញ់សន្ធំប្រភេទហ្វាល់ស៊ីប៉ារ៉ូមត្រឹមដំណាច់ឆ្នាំ២០២៤, និង ទី៣) ករណីជំងឺគ្រុនចាញ់ឆ្លងក្នុងប្រទេសបានធ្លាក់ចុះមកដល់សូន្យករណី ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥តាមផែនការ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48