រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាលើកទី៣ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ (៣ ខែ) ជំនាន់ទី៣ ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ឧបត្ថម្ភថវិកាដោយអង្គការបណ្តាញអេដេមីសាស្រ្តនឹងបច្ចេកវិទ្យាប្រចាំនៅតំបន់អាស៊ីខាងត្បូង (SAFETYNET)។
សិក្ខាសាលានេះ ក្នុងគោលបំណង ដើម្បីចែករំលែកលទ្ធផលការសិក្សាក្នុងចំណោមសិក្ខាកាម យ៉ាងតិចចំនួនពីរបទបង្ហាញក្នុងសិក្ខាកាម ១នាក់ និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជ័យលាភីជំនាន់ទី៣ ព្រមទាំងប្រគល់ប័ណ្ណសសើរជូនគណៈគ្រប់គ្រងវគ្គ និងលោកគ្រូ អ្នកសម្របសម្រួល។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្សាកាមទាំងអស់ដែលបានបញ្ចប់ការសិក្សា សូមយកចំណេះ និងជំនាញអេពីដេមីសាស្រ្តទាំងនេះ ទៅអនុវត្តក្របខ័ណ្ឌការងារប្រព័ន្ធតាមដានជំងឺ អង្កេតស្រាវជ្រាវ និងឆ្លើយតបឱ្យបាន់ទាន់ពេលវេលា។ លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមទៀតថា ការរកឃើញទាន់ពេលវេលា ការឆ្លើយតបបន្ទាន់ និងការព្យាបាលភ្លាមៗ ជួយកាត់បន្ថយដល់ផលប៉ះពាល់បានច្រើន ដូចជាអាត្រាឆ្លង អាត្រាស្លាប់ ហើយវាផ្នែកមួយ នៃការងារបុរេសកម្មផងដែរ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សរុបចំនួន ៤៦នាក់ (ស្រ្តី ០៦នាក់ ) ដែលអញ្ជើញមកពីក្រសួងសុខាភិបាល អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានសារធាតុគ្រោះថ្នាក់ នៃក្រសួងបរិស្ថាន និងតំណាងប្រធាន អនុប្រធានមន្ទីរសុខាភិបាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម តាកែវ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង ព្រះសីហនុ ព្រៃវែង និងកំពង់ឆ្នាំង តំណាងអង្គការ US-CDC និង SAFETYNET ។