រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធី International Paediatric Symposium 2026 ក្រោមប្រធានបទ “Paediatrics Without Borders” របស់ Sunway Medical Centre ក្រោមការសម្របសម្រួលពីស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សា និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល និងតំណាងនាយកដ្ឋានសេវាសុខាភិបាល និងបានប្រមូលផ្តុំអ្នកជំនាញវេជ្ជសាស្ត្រកុមារ និងដៃគូវិស័យឯកជនកម្ពុជា-ម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងលើកកម្ពស់សុខភាពកុមារ តាមរយៈកិច្ចសហប្រតិបត្តិការកម្រិតតំបន់។
ក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូសាធារណៈ និងឯកជន ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ជាអាទិភាព។ ក្រសួងសុខាភិបាល បានបន្តអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ លើការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ការផ្ទេរបច្ចេកវិទ្យា ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេសសុខភាពមាតា ទារក និងកុមារ ដើម្បីឈានទៅសម្រេចគោលដៅគ្របដណ្តប់សុខភាពសកល (Universal Health Coverage)។
ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យ បានផ្តាំផ្ញើអង្គពិធី និងលើកទឹកចិត្តជូនដល់អ្នកជំនាញសុខាភិបាលទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវ៖
១. ក្រមសីលធម៌វិជ្ជាជីវៈ៖ ប្រកាន់ខ្ជាប់នូវភាពសុចរិត ការទទួលខុសត្រូវ និងការគោរពសិទ្ធិអ្នកជំងឺ ដោយតម្កល់សុវត្ថិភាពកុមារជាអាទិភាពចម្បង
២. ការអភិវឌ្ឍសមត្ថភាព៖ បន្តសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលជាប្រចាំ ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងស្តង់ដារអន្តរជាតិ
៣. ស្មារតីការងារក្រុម៖ ពង្រឹងកិច្ចសហការជិតស្និទ្ធ និងការចែករំលែកចំណេះដឹងរវាងអ្នកជំនាញឆ្លងវិស័យ ដើម្បីប្រសិទ្ធភាពនៃការថែទាំ
៤. មនុស្សធម៌ និងចិត្តមេត្តា៖ បម្រើសេវាថែទាំដោយក្តីអាណិតស្រឡាញ់ យល់ចិត្ត និងយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពផ្លូវចិត្ត និងសង្គមរបស់កុមារ និងគ្រួសារ។
កម្មវិធីនេះ ពិតជាមានអត្ថប្រយោជន៍ ក្នុងការចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងការពង្រឹងបណ្តាញសហការរវាងស្ថាប័នវេជ្ជសាស្ត្រកម្ពុជា និងម៉ាឡេស៊ី។