Cambodia
New Details

Image
ដំណើរទស្សនកិច្ចស្វែងយល់ពីការអនុវត្តប្រព័ន្ធគាំពារសង្គមនៅមូលដ្ឋាន
April 26, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រសហ្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញអមដំណើរទស្សនកិច្ចរួមរបស់ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ទៅកាន់សាលាសង្កាត់គីឡូម៉ែត្រលេខ៦ និងមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលដំណើរការជាក់ស្តែង នៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងស្វែងយល់ផ្ទាល់ ពីប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ តាមរយៈមូលនិធិសមធម៌ និងរបបសន្តិសុខសង្គម (ប.ស.ស.)។ អំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូបានជួបសំណេះសំណាល និងស្ដាប់ដោយផ្ទាល់នូវមតិយោបល់របស់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ និងមន្ត្រីបម្រើសេវានៅមូលដ្ឋាន។ នេះជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការប្រែក្លាយគោលនយោបាយថ្នាក់ជាតិ ទៅជាការអនុវត្តជាក់ស្តែង ប្រកបដោយផ្លែផ្កានៅថ្នាក់មូលដ្ឋាន ព្រមទាំងជាឱកាសក្នុងការយល់ច្បាស់ពីសមិទ្ធផល និងបញ្ហាប្រឈមនានា សំដៅបន្តធ្វើឱ្យប្រសើរឡើងនូវការបម្រើសេវាជូនប្រជាពលរដ្ឋ។

ព្រឹត្តិការណ៍នេះ ក៏មានការសម្របសម្រួល និងចូលរួមយ៉ាងសកម្មពី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងក្រសួងផែនការ លោកនាយកប្រចាំប្រទេសនៃទីភ្នាក់ងារ GIZ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ដែលបង្ហាញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10