ទីក្រុងមែលប៊ន៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រសួងសុខាភិបាល និងក្រុមការងារបានអញ្ជើញធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសអូស្ត្រាលីស្តីពី “Transformative Leadership and Inclusive Health Services”។
ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងដើម្បីស្វែងយល់ពី វិធីសាស្រ្តថ្មីៗ ក្នុងការដឹកនាំ និងការបម្រើសេវាសុខភាពប្រកបដោយបរិយាបន្នសង្គម (GESI) ដើម្បីចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្រប់ដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នំា២០២៤-២០៣៥។
ការលើកកម្ពស់ការអភិវឌ្ឍ ការយល់ដឹងពីផែនការសកម្មភាពសមភាពយេនឌ័រ ក្នុងប្រទេសអូស្រ្តាលី ជាយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែង និងជាឧបករណ៍ជាក់ស្តែងចាំបាច់ ដើម្បីគាំទ្រដល់កំណែទម្រង់ស្ថាប័ន កែលម្អគុណភាពសេវាកម្ម និងធានាការទទួលបាននូវសេវាសុខភាព ប្រកបដោយសមធម៌សម្រាប់ក្រុមប្រជាជនទាំងអស់ ជាពិសេសស្ត្រី និងជនងាយរងគ្រោះនៅប្រទេសកម្ពុជា ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គមឆ្នាំ២០២៦-ឆ្នំា២០៣៥។
ដំណើរទស្សនកិច្ចនេះ ទទួលបានការគាំទ្រ ពីធនាគារពិភពលោក និងអង្គការ DFAT ។