រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ក.ជ.ថ.ស.ប ត្រីមាសទី១ ឆ្នាំ២០២៦ តាមប្រព័ន្ធនិម្មិត Zoom ដែលបានរៀបចំឡើងដោយក្រុមលេខាធិការដ្ឋាន នៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។
កិច្ចប្រជុំនេះមានគោលបំណងពីរ៖ ១)ចែករំលែកវឌ្ឍនភាព នៃការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ត្រីមាសទី១ តាមសកម្មភាពស្នូលនីមួយៗ និងបង្ហាញពីដំណោះស្រាយ សម្រាប់ជំរុញការអនុវត្តការថែទាំសុខភាពបឋម ២)ពិភាក្សាពីការចូលរួម និងតួនាទីរបស់ថ្នាក់ក្រោមជាតិ និងអង្គការដៃគូនានា ក្នុងការគាំទ្រ និងជំរុញការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល និងការទទួលបានសេវាដល់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្តទាំង២៥ ប្រធាន និងសមាជិកក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) មន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥ មណ្ឌលសុខភាព និងអង្គការដៃគូ សរុបចំនួន ១៨១នាក់។