រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ រវាង ព្រះជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន លើកទី១ នៅសណ្ឋាគារហាយយ៉ាត់ រាជធានីភ្នំពេញ។
កិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ រួមមាន កិច្ចប្រជុំចំនួន២ គឺ៖ ១) កិច្ចប្រជុំឧត្តមមន្រ្តី សហដឹកនាំដោយ ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងប្រតិភូកម្ពុជា និង ឯកឧត្តម Nasir Hamid លេខាធិការក្រសួងពាណិជ្ជកម្ម តំណាងប្រតិភូប៉ាគីស្ថាន ២) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី សហដឹកនាំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចាំ កាម៉ាល់ ខាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងមានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សរុបចំនួន២៥រូប។
កិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ លើកទី១ បានឯកភាព និងចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំង២ ក្នុងការលើកកម្ពស់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង រួមទាំងវិស័យសុខាភិបាលផងដែរ។ សូមបញ្ជាក់បន្ថែមថា កិច្ចប្រជុំគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះ កម្ពុជា-ប៉ាគីស្ថាន លើកទី២ នឹងប្រព្រឹត្តិទៅនៅប្រទេសប៉ាគីស្ថាន នាឆ្នាំ២០២៦។