រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត ដាក់ឱ្យប្រើប្រាស់នូវឯកសារមួយចំនួន សម្រាប់ដំណើររបស់គណៈកម្មាធិការ។
កិច្ចប្រជុំមានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តទៅលើ៖
១.ការធ្វើបច្ចុប្បន្នភាពស្តង់ដាទទួលស្គាល់គុណភាពសេវា របស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់វាយតម្លៃការទទួលស្គាល់គុណភាព សម្រាប់មន្ទីរពេទ្យសាធារណៈ ឯកជន និងមណ្ឌលសុខភាព
២.សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់ គ.ទ.គ.ស.
៣.សេចក្តីព្រាងឯកសារមួយចំនួនសម្រាប់ដំណើរការ គ.ទ.គ.ស.។
ស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ និងមណ្ឌលសុខភាព នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងវិស័យសាធារណៈ និងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ក្នុងការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព និងបង្កើតទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលជាតិ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក លោកស្រី សមាជិក និងអ្នកជំនាញ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) សរុបចំនួន ២៣រូប។