Cambodia
New Details

Image
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការបង្កើតគម្រោងត្បូងខ្មែរ (SAPPHIRE 2.0)
May 13, 2026

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការបង្កើតគម្រោងត្បូងខ្មែរ (SAPPHIRE 2.0) ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន សហការជាមួយ សាកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្រ្តាលី តាមរយៈ អង្គការ KHANA គាំទ្រថវិកាដោយរដ្ឋាភិបាលអូស្រ្តាលី (DFAT)។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក បានលើកទឹកចិត្តឱ្យមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងដៃគូពាក់ព័ន្ធ បន្តខិតខំ ស្រាវជ្រាវជំងឺរបេងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ឱ្យកាន់តែសកម្ម ដើម្បីឈានទៅបញ្ចប់ជំងឺរបេង ទោះស្ថិតក្នុងស្ថានភាពដែលជំនួយហិរញ្ញវត្ថុមានការថយចុះ បន្តពង្រឹង និងពង្រីកការព្យាបាលទៅតាម Protocol នៃការព្យាបាល ទាំងក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីបង្កើនប្រសិទ្ធិភាពនៃការព្យាបាល និងចៀសវាងឱ្យបាននូវបញ្ហាស៊ាំថ្នាំ ព្រមទាំងបន្តរុករកអ្នកដែលមានហានិភ័យ នៃការឆ្លងជំងឺរបេង និងកើតជំងឺរបេង រួមមានគ្រួសារអ្នកជំងឺរបេង និងជួយឱ្យអ្នកជំងឺទទួលបានការព្យាបាលទាន់ពេល ទាំងការព្យាបាលលើរបេងកបថ្នាំ (DS-TB) របេងស៊ាំថ្នាំ (DR-TB) និងការព្យាបាលបង្ការជំងឺរបេង (TPT) ដែលក្នុងនោះ ក៏ត្រូវគិតគូរ ចំពោះក្រុមអ្នកបម្រើសេវាសុខភាព ដែលជាក្រុមមានហានិភ័យខ្ពស់ផងដែរ។

គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណង៖
១)បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តគម្រោង SHIFT-TB រួមទាំងកត្តាហានិភ័យផ្សេងៗ
២)ពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីទទួលបានធាតុចូលក្នុងការកំណត់ធាតុសំខាន់ៗ ក្នុងការបង្កើតគម្រោងត្បូងខ្មែរ
៣)គាំទ្រការអភិវឌ្ឍរួម នៃយុទ្ធសាស្ត្រសម្រាប់សមាសធាតុសំខាន់ៗ ដែលបានកំណត់ក្នុងការអនុវត្តគម្រោងងត្បូងខ្មែរ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកស្រី Kirsty Harris អ្នកសម្របសម្រួលកិច្ចការអភិវឌ្ឍន៍ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា  លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា ប្រតិភូតំណាងសាកលវិទ្យាល័យស៊ីដនី តំណាងអង្គការសុខភាពពិភពលោក តំណាងអង្គការ CHAI នៅកម្ពុជា  ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអង្គការដៃគូ សរុបចំនួន ៣០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9