រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ទិវាគិលានុបដ្ឋាកអន្តិរជាតិ និងជាតិ ១២ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការផ្តល់សិទ្ធិអំណាចដើម្បីការពារ ដឹកនាំ និងផ្លាស់ប្តូរគិលានុបដ្ឋាកកម្ពុជាក្នុងសកម្មភាព” ។
ការរៀបចំទិវានេះឡើង គឺដើម្បីអបអរសាទរសមិទ្ធិផលរបស់គិលានុបដ្ឋាកកម្ពុជាទូទាំងប្រទេស និងជាឱកាស មួយដើម្បីគូសបញ្ជាក់ពីការគាំទ្រគិលានុបដ្ឋាក ក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការបម្រើសេវាថែទាំ។
លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានលើកឡើងថាគិលានុបដ្ឋាក-គិលានុបដ្ឋាកយិការ គឺជាឆ្អឹងខ្នងមិនអាចខ្វះបានក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា តាំងពីមន្ទីរពេទ្យជាតិ រហូតដល់មណ្ឌលសុខភាពដាច់ស្រយ៉ាល រួមទាំងមន្ទីរពេទ្យឯកជន។ គិលានុបដ្ឋាកមិនត្រឹមតែផ្តល់ការថែទាំតាមបច្ចេកទេសប៉ុណ្ណោះទេ គឺជាអ្នកផ្តល់ក្តីសង្ឍឹម ភាពកក់ក្តៅ និងជាអ្នកកាពារសុវត្ថិភាពអ្នកជំងឺ។
លោកជំទាវសាស្ត្រាចារ្យ បានណែនាំដល់គិលានុបដ្ឋាក-គិលានុបដ្ឋាកយិការ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនឱ្យប្រើប្រាស់ ការថែទាំដោយសុវត្ថិភាព និងប្រកបដោយក្តីមេត្តា គីស្ថិតនៅលើសមត្ថភាពពីរដែលមិនអាចបំបែកចេញពីគ្នាបាន៖ (១)ការគិតប្រកបដោយវិចារណញ្ញាណ/គិតបែបវិភាគ (Critical thinking) និង (២)ការវិនិច្ឆ័យតាមគ្លីនិក (Clinical judgment)។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
១.កម្មវិធីបណ្តុះបណ្តាលគិលានុបដ្ឋាកមុនបម្រើការងារ គួរតែបន្ថែមជំនាញ Critical Thinking ឱ្យច្រើនថែមទៀត តាមរយៈការរៀនតាមករណីសិក្សា (Case-based learning) ការវែកញែកផ្នែកគ្លីនិក និងការអនុវត្តបែបឆ្លុះបញ្ចាំង (Reflective practice) ដើម្បីឱ្យនិស្សិតបញ្ចប់ការសិក្សាត្រៀមខ្លួនរួចជាស្រេចក្នុងការ "គិត" មិនមែនគ្រាន់តែ "ធ្វើ" នោះទេ
២.បណ្តុះបណ្តាលជាប់ជាប្រចាំដល់គិលានុបដ្ឋាកដែលកំពុងបម្រើការងារដើម្បីកសាងសមត្ថភាព ជាពិសេស ជំនាញវិភាគ តាមរយៈការពិនិត្យករណីជំងឺ ការពិភាក្សារវាងមិត្តរួមវិជ្ជាជីវៈ និងការណែនាំផ្ទាល់នៅក្បែរគ្រែអ្នកជំងឺ (Clinical nursing round)
៣.ទទួលស្គាល់ Critical Thinking ជាសមត្ថភាពស្នូល ក្រសួងសុខាភិបាលត្រូវធ្វើបច្ចុប្បន្នភាព របៀបថែទាំ Nursing Process ដោយរំលេចចេញនូវជំនាញ Critical Thinking ជាផ្នែកដ៏សំខាន់មួយក្នុងការអនុវត្ត Nursing Process
៤.មន្ទីរពេទ្យជាតិ មន្ទីរពេទ្យសាធារណៈ និងឯកជន សមាគមគិលានុបដ្ឋាក និងគ្រឹះស្ថានបណ្តុះបណ្តាលនានា ត្រូវធ្វើការបណ្តុះបណ្តាលអំពី Nursing Process និង Critical Thinking ដល់គិលានុបដ្ឋាកដែលបម្រើសេវានៅទូទាំងប្រទេស។
ទិវានេះអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ និងអង្គការដៃគូរនានា សរុប ២៥០រូប និងតាមប្រព័ន្ធនិម្មិត១០០០រូប មកពីមន្ទីរពេទ្យខេត្ត ស្រុក មណ្ឌលសុខភាព។