Cambodia
New Details

Image
ការចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមការងារស្ម័គ្រចិត្ត និងពិធីបិទវគ្គវះកាត់ អង្គការស្នាមញញឹមកម្ពុជា
May 15, 2026

ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះសាកសួរសុខទុក្ខកុមារមានបញ្ហាឆែបមាត់ ឆែបក្រអូមមាត់ និងជួបសំណេះសំណាលជាមួយក្រុមការងារស្ម័គ្រចិត្តអង្គការស្នាមញញឹមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Rotary Club ប្រទេសម៉ាឡេស៊ី។

អង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Rotary Club ប្រទេសម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ដោយបានរៀបចំបេសកកម្មវះកាត់សរុបចំនួន ១៥ លើក និងផ្តល់ការវះកាត់បានចំនួន ៥៧៥ ករណីដោយជោគជ័យ។ លទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមយ៉ាងសកម្មរបស់ដៃគូ និងការគាំទ្រដ៏ល្អពីប្រជាពលរដ្ឋ និងសង្គមទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ ក៏បានចុះពិនិត្យវឌ្ឍនភាពនៃការបម្រើសេវា នៅផ្នែកទទួលអ្នកជំងឺ សង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងបានកត់សម្គាល់ឃើញថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាកាន់តែល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បាននាំយកប្រសាសន៍ផ្តាំផ្ញើដ៏មានតម្លៃរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដោយផ្តោតលើគោលដៅសំខាន់ៗ ដូចខាងក្រោម៖
១.បន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង Smile Cambodia និង Rotary Club ឱ្យកាន់តែរឹងមាំ ប្រកបដោយនិរន្តរភាព និងយូរអង្វែង
២.គាំទ្រអង្គការស្នាមញញឹមកម្ពុជា ក្នុងការរៀបចំ និងអភិវឌ្ឍគោលនយោបាយ យុទ្ធសាស្ត្រ និងប្រព័ន្ធទិន្នន័យជាតិ សម្រាប់ស្វែងរក តាមដាន និងគាំទ្រកុមារមានបញ្ហាឆែបមាត់ ឆែបក្រអូមមាត់ ទាំងកុមារដែលបានទទួលការវះកាត់ និងកុមារដែលមិនទាន់បានទទួលការព្យាបាល ដើម្បីធានាថា «មិនទុកឱ្យកុមារណាម្នាក់រស់នៅជាមួយពិការភាព ដោយគ្មានឱកាសទទួលការព្យាបាលឡើយ»
៣.បន្តជួយពង្រឹងសមត្ថភាពមន្ទីរពេទ្យក្នុងខេត្ត និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យមន្ទីរពេទ្យក្នុងតំបន់អាចបម្រើសេវាវះកាត់ និងថែទាំកុមារមានបញ្ហាឆែបមាត់ ឆែបក្រអូមមាត់ បានកាន់តែទូលំទូលាយ
៤.លើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ អំពីជំងឺឆែបមាត់ និងឆែបក្រអូមមាត់នៅកម្ពុជា ដូចជា អត្រាកើត មូលហេតុ និងវិធានការបង្ការ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយសុខាភិបាលជាតិឱ្យកាន់តែមានប្រសិទ្ធភាព
៥.រៀបចំកម្មវិធីវះកាត់ និងការថែទាំដោយមាននិយាម និងស្តង់ដារច្បាស់លាស់ ដើម្បីអាចដាក់បញ្ចូលក្នុងកម្មវិធីថែទាំសុខភាពមាតា និងទារក។

កិច្ចការនេះ មិនត្រឹមតែជាការជួយព្យាបាលកុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាលជាតិ កាត់បន្ថយពិការភាព លើកកម្ពស់គុណភាពជីវិត និងធានាសុខភាពប្រជាជនកម្ពុជា ប្រកបដោយសមធម៌ និងបរិយាបន្ន។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក ចាន់ កុកចយ លោកសាស្ត្រាចារ្យ នូ សារុំ លោក ជេក លី ក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជា លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត សប្បយរសជនព្រមទាំងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10