Cambodia
New Details

Image
ជំនួបពិភាក្សាការងារជាមួយ ក្រុមការងារ US-ASEAN និង ប្រតិភូក្រុមហ៊ុនអន្តរជាតិ Abbott Laboratories
May 28, 2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយ ក្រុមការងារUS-ASEAN និង ប្រតិភូអន្តរជាតិ Abbott Laboratories ដើម្បីពិភាក្សាការងារលើលទ្ធភាពចូលរួមជាមួយសុខាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍន៍វិស័យ និងសិក្សាស្វែងយល់សុីជម្រៅបន្ថែមលើសុខាភិបាលកម្ពុជាផងដែរ ពិសេសអំពីផ្នែកព្យាបាលដោយអាហារូបត្ថម្ភ និងដំណើរការថែទាំព្យាបាលដោយអាហារូបត្ថម្ភ (Medical Nutrition Therapy, MNT, and Nutrition Care Process, NCP)។

ជាបឋម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ លោកស្រី Shakilla Shahjihan, Division Vice President, Government Affairs, Asia Pacific & Japan និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ដែលលោកស្រី Shakilla Shahjihan បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់សុខាភិបាលកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជម្រាបជូនលំអិតអំពីស្ថានភាពវិវត្តន៍ ដ៏វិជ្ជមាននៃសុខាភិបាលទាំងផ្នែកគោលនយោបាយ ទាំងផ្នែកបង្ការ និងពិសេសផ្នែកថែទាំព្យាបាល (វិស័យមន្ទីរពេទ្យ) ទោះក្នុងស្ថានភាព និងកាលៈទេសៈលំបាកមួយចំនួនកំឡុងពេលសង្គ្រាមឈ្លានពានព្រំដែន កន្លងមកក៏ដោយ។ ឯកឧត្តមសាស្រ្ដាចារ្យរដ្ឋលេខាធិការបន្ថែមថា សុខាភិបាលទាំងមូលបាន និងកំពុងតាំងចិត្តខ្ពស់ ក្នុងបេសកម្មរបស់ខ្លួនដោយទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល និងការបន្តគាំទ្រលើកទឹកចិត្តពីដៃគូជាតិ និងអន្តរជាតិ ដោយឈរលើសមិទ្ធិផលធំៗជាបន្តបន្ទាប់ស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល។

ប្រតិភូបានសម្តែងភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ពីការបញ្ជាក់របស់កម្ពុជា និងបានបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួនដើម្បីពាំនាំបទពិសោធន៍ឧត្តមភាពផ្នែកមន្ទីរពេទ្យ (Hospital Best Practices) លើសមត្ថភាពជំនាញព្យាបាលដោយអាហារូបបត្ថម្ភ និងដំណើរការថែទាំព្យាបាលដោយអាហារូបត្ថម្ភ (Medical Nutrition Therapy, MNT, and Nutrition Care Process, NCP) មកចែករំលែកជាមួយសុខាភិបាលកម្ពុជាសម្រាប់រយៈពេលយូរអង្វែង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11