Cambodia
New Details

Image
ក្រសួងសុខាភិបាលកម្ពុជា និងតំណាងស្ថានទូត នៃប្រទេសលុចសំបួ ប្រចាំកម្ពុជា និងប្រទេសឡាវ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅភាគឦសានកម្ពុជា។
May 28, 2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថានទូត នៃប្រទេសលុចសំបួ ប្រចាំកម្ពុជា និងប្រទេសឡាវ ឯកឧត្តម Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសលុចសំបួ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា និងសុខុមាលភាពប្រជាជន។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផល ដ៏សំខាន់មួយ ក្នុងការរឹតចំណងភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។

ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការគាំទ្រអាទិភាពសំខាន់ៗ ចំនួន៥ រួមមាន៖ ១) ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ២) ការគាំទ្រសម្ភារបរិក្ខារពេទ្យ ៣) ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ៤) សុខភាពបន្តពូជ មាតា ទារក និងកុមារ (RMNCH) ៥) ការផ្តល់ឈាម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតំបន់ដាច់ស្រយាល និងខេត្តភូមិភាគឦសាន រួមមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

ជាមួយគ្នានេះ ភាគីលុចសំបួ បានជ្រាបជូនអំពីផែនការសកម្មភាពបន្ត រួមមានការចុះបំពេញបេសកកម្មរបស់ក្រុមការងារទីភ្នាក់ងារអភិវឌ្ឍលុចសំបួ (LuxDev) នៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៦ និងការបង្កើតការិយាល័យតំណាង LuxDev នៅរាជធានីភ្នំពេញ ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃការសម្របសម្រួល និងការអនុវត្តកម្មវិធីសុខាភិបាលទ្វេភាគី ស្របតាមអាទិភាពជាតិ និងគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC)។

ពិធីចុះហត្ថលេខា និងកិច្ចពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដោយភាគីទាំងពីរបានផ្លាស់ប្តូរឯកសារ MoU ក្នុងស្មារតីប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងកម្ពុជា និងលុចសំបួ ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25