June 12, 2026
ខេត្តសៀមរាប៖ ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលាលើកទីមួយ ស្តីពីការបកប្រែផែនការយុទ្ធសាស្រ្តជាតិ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ឆ្នាំ២០២៥-២០៣០ (ជំនាន់ទី៣) ជាភាសាខ្មែរ បន្ទាប់ពីបានអនុម័តទទួលស្គាល់កំណែភាសាអង់គ្លេស។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្តល់ឱកាសដល់អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ និងធានាភាពត្រឹមត្រូវ នៃពាក្យបច្ចេកទេស មាតិកា និងអត្ថន័យនៃឯកសារ ដើម្បីឱ្យកំណែភាសាខ្មែរមានគុណភាពខ្ពស់ មុនពេលដាក់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច និងអនុម័ត ព្រមទាំងដើម្បីអាចប្រើប្រាស់ជាឯកសារយោងផ្លូវការ ក្នុងការអនុវត្តទូទាំងប្រទេស។
សូមបញ្ជាក់ផងដែលថា សិក្ខាសាលានេះមានសិក្ខាកាមអញ្ជើញចូលរួមពី ការិយាល័យជំនាញ នៃនាយកដ្ឋានសេវាសុខភាព មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យថ្នាក់ជាតិ និងក្រោមជាតិ និងអង្គការដៃគូរនានា សរុបចំនួន ៣០រូប ក្រោមជំនួយឧបត្ថមថវិកាដោយ អង្គការ FHI 360 តាមរយៈគម្រោង STRIDES។