June 12, 2026
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា អមដោយលោក ថន ខៃលី ប្រធានឃ្លាំងឱសថកណ្តាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់-ទទួល សម្ភារ បរិក្ខារពេទ្យចំនួន១៤ មុខ ជូនដល់មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ដែលស្ថិតក្នុងខេត្តគោលដៅទាំង៩ របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនគិរី នៅឃ្លាំងឱសថកណ្តាល (CMS)។
សូមជម្រាបផងដែរថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជា មិនត្រឹមតែផ្តល់ជូននូវវគ្គបណ្តុះបណ្តាល និងការបង្វឹកផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែគម្រោងថែមទាំងបានជួយគាំទ្រដល់ការផ្គត់ផ្គង់ជាសម្ភារៈ បរិក្ខារពេទ្យមួយចំនួនថែមទៀតផង ដើម្បីជាទុនសម្រាប់បុគ្គលិកសុខាភិបាល ធ្វើការផ្តល់សេវាពិនិត្យ និងព្យាបាលប្រកបដោយប្រសិទ្ធភាព និង គុណភាពកាន់តែប្រសើរ។ សម្ភារៈ បរិក្ខារពេទ្យទាំងនេះ នឹងជួយបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌ ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិសេសការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវនាយកគម្រោងបាន ផ្ដាំផ្ញើ ដល់មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពទាំងអស់ ដែលទទួលបានសម្ភារ បរិក្ខាពេទ្យទាំងនេះហើយ សូមទុកដាក់ ប្រើប្រាស់ ថែទាំ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ តាមគោលការណ៍ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ជាចុងក្រោយ លោកជំទាវនាយកគម្រោងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មទាំផ្នែកបច្ចេកទេស សម្ភារៈ បរិក្ខារពេទ្យ និងថវិកា ដើម្បីរួមចំណែកលើកកម្ពស់សុខមាលភាព និងអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា។
សូមជម្រាបផងដែរថា សម្ភារបរិក្ខាពេទ្យ ចំនួន ១៤ ប្រភេទដែលត្រូវបានប្រគល់ជូននាពេលនេះរួមមាន (១). ឧបករណ៍តាមដានសញ្ញាជីវិត (Patient Monitor), (២). គ្រែកំដៅទារក (Warmer Baby), (៣). ម៉ាស៊ីនPhototherapy, (៤). ម៉ាស និងបាឡុងសង្គ្រោះទារក (Self-Inflating Bag and Masks New born size 0 and1), (៥). Ventouse, (៦). ជញ្ជីងថ្លឹងទារកនៅបន្ទប់សម្រាល(Digital Electronic Baby Weighing Scale), (៧). ឧបករណ៍វាស់សម្ពាធឈាម(Automatic Digital Blood Pressure Monitor), (៨). តុក្កតា(Baby Doll), (៩). គ្រែសម្រាប់ម្តាយ (Maternal 2-function Hospital Bed), (១០). Hemocue & Microcuvette, (១១). ឧបករណ៍ស្ដាប់ចង្វាក់បេះដូងតារក (Fetal Doppler) , (១២). គ្រែសម្រាល (Delivery bed) , (១៣). ឆ្នាំងចំហុយសម្លាប់មេរោគ (Autoclave) និង(១៤). ខោបន្ថយស្ហុក។