June 13, 2026
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងការផ្ទុះជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់សុខភាពតែមួយ» ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ឧបត្ថម្ភថវិកាដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការសហរដ្ឋអាមេរិក (US-CDC) ។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងគោលបំណង៖
- ពង្រឹងកិច្ចសហការ ការសម្របសម្រួល និងទំនាក់ទំនងរវាងក្រសួងពាក់ព័ន្ធដែលចូលរួមដោះស្រាយបញ្ហាសុខភាពតែមួយនៅក្នុងប្រទេសកម្ពុជា
- ពង្រឹងការតាមដានជំងឺ និងការឆ្លើយតបទៅនឹងការផ្ទុះជំងឺឆ្លងប្រកបដោយប្រសិទ្ធភាព
- ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារនេះ នឹងជួយពង្រឹងដល់ការស្រាវជ្រាវ ការការពារ និងការឆ្លើយតបទៅនឹងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ ពិសេសជំងឺស៊ូណូស (Zoonotic diseases) ជំងឺឆ្លងថ្មីៗ និងជំងឺឆ្លងដែលកើតឡើងវិញ
- បង្កើនធនធានមនុស្ស និងសមត្ថភាពដើម្បីគាំទ្រច្បាប់សុខភាពអន្តរជាតិ (IHR) និងការអនុវត្តសេវាកម្មបសុព្យាបាល (PVS)។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមចូលរួមទាំងអស់ សូមយកចិត្តទុដាក់ស្តាប់នូវរាល់ខ្លឹមសារ នៃនីតិវិធីប្រតិបត្តិស្តង់ដារ ដើម្បីយកទៅអនុវត្តបន្ត និងផ្សព្វផ្សាយដល់អង្គភាពរបស់ខ្លួន។ លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមទៀតថា ការរកឃើញទាន់ពេលវេលា ការឆ្លើយតបបន្ទាន់ និងការព្យាបាលភ្លាមៗ ជួយកាត់បន្ថយដល់ផលប៉ះពាល់បានច្រើន ដូចជាអាត្រាឆ្លង អាត្រាស្លាប់ ហើយវាផ្នែកមួយ នៃការងារបុរេសកម្មផងដែរ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ឯកឧត្តម សេន សុវណ្ណ រដ្ឋេលខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន ឬអនុប្រធាន តំណាងមន្ទីរសុខាភិបាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន រាជធានីខេត្តទាំ២៥ និងសិក្ខាកាមថ្នាក់ជាតិ និងអង្គការដៃគូ សរុប ១១៨ រូប (ស្រី ៣៥រូប)។