June 14, 2026
ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យ ស្ថានភាពបម្រើសេវាសុខាភិបាល និងពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាព ក្នុងខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យនេះ បានសង្កេតឃើញថា មណ្ឌលសុខភាពភាគច្រើន បានកែលម្អបានយ៉ាងល្អប្រសើរ ទៅលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងក្រៅមណ្ឌលសុខភាព មានការរក្សាអនាម័យ ក្នុងការរៀបចំទុកដាក់សម្ភារៈបរិក្ខារ ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ ការពង្រឹងបន្ថែមទៅលើបច្ចេកទេស នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ការគ្រប់គ្រងឱសថ និងវ៉ាក់សាំង ការស្កេនអំពីការពេញចិត្តរបស់អតិថិជន ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍។
ឆ្លៀតឱកាសនេះដែរ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។