June 14, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើក សិក្ខាសាលាលើកទី២៥ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល វេជ្ជបណ្ឌិតជំនាញ ឯកទេសជាតិ និងអន្តរជាតិ ព្រមទាំងដៃគូពាក់ព័ន្ធ ដោយផ្ទាល់ចំនួន ៣៤៥រូប និងតាមប្រព័ន្ធ Zoom ចំនួន ៥៧រូប។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានកោតសរសើរចំពោះសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដែលបានខិតខំរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល និងលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេសក្នុងវិស័យសុខភាពមាតា ទារក និងស្ត្រី។
ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា ស្ថានភាពសង្គ្រោះបន្ទាន់ ផ្នែកសម្ភពមួយចំនួន ដូចជាការហូរឈាមក្រោយសម្រាល ជំងឺលើសឈាម និងក្រឡាភ្លើងពេលមានផ្ទៃពោះ ការឆ្លងមេរោគធ្ងន់ធ្ងរ និងការសម្រាលលំបាក នៅតែជាមូលហេតុចម្បង ដែលគំរាមកំហែងដល់អាយុជីវិតមាតា និងទារក។ ដូច្នេះ ការរកឃើញកត្តាហានិភ័យជាមុន ការបញ្ជូនអ្នកជំងឺឱ្យបានទាន់ពេលវេលា និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយផលវិបាក និងមរណភាព។ ឯកឧត្តមបានបន្តថា ការកាត់បន្ថយមរណភាពមាតា និងទារក គឺជាអាទិភាពសំខាន់មួយរបស់វិស័យសុខាភិបាល ដែលទាមទារឱ្យមានការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលជាបន្តបន្ទាប់ ការធានាប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យបានចំគោលដៅ និងទាន់ពេលវេលា ព្រមទាំងការផ្តល់សេវាថែទាំ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសីលធម៌វិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ដែលជាកត្តាគន្លឹះ ក្នុងការពង្រឹងសុវត្ថិភាពអ្នកជំងឺ ការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានអំពាវនាវដល់គ្រឹះស្ថានសុខាភិបាល សមាគមវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការបណ្តុះបណ្តាល ការធានាគុណភាពសេវា ការសិក្សាស្រាវជ្រាវ និងកិច្ចសហការគ្រប់កម្រិត ដើម្បីបន្តលើកកម្ពស់សុខភាពមាតា ទារក និងសុខភាពស្ត្រីនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល។