Cambodia
New Details

Image
ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនៃអង្គការអភិវឌ្ឍន៍យុវជន (Youth Development Department - YDD) ក្រោមអង្គការសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងក្រុមប្រឹក្សាសមាគមកម្ពុជា-ចិន

June 14, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនៃអង្គការអភិវឌ្ឍន៍យុវជន (Youth Development Department - YDD) ក្រោមអង្គការសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងក្រុមប្រឹក្សាសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរចំណេះដឹង ការវិនិយោគពីវិស័យឯកជន ស្វែងយល់ពីវឌ្ឍនភាព និងគំនិតផ្តួចផ្តើមនានា ទាក់ទងនឹងការអភិវឌ្ឍន៍ឱសថបុរាណនៅកម្ពុជា។
 
ក្នុងជំនួបនេះ ប្រតិភូនៃអង្គការអភិវឌ្ឍន៍យុវជន (YDD) ដឹកនាំដោយ លោក Mo ShunKan ប្រតិភូប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP និងជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំកម្ពុជា បានគោរពជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការ​ អំពីចក្ខុវិស័យរបស់អង្គការក្នុងការគាំទ្រក្នុងការពង្រឹង​ និងពង្រីកវិសាលភាពឱសថបុរាណនៅកម្ពុជា​ ដោយស្នើសុំការសហការជាមួយក្រសួងសុខាភិបាល ទៅលើកិច្ចការឱសថបុរាណនេះ។

ឯកឧត្តមរដ្ឋលេខាធិការ​ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ​ ដែលស្របតាមគោលនយោបាយរាជរដ្ឋាភិបាលចក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល​ ហេីយគំនិតផ្តួចផ្តើមនេះ រួមបញ្ចូលទាំងការលើកកម្ពស់ និងពង្រឹងគុណភាពផ្នែកវេជ្ជសាស្ត្របុរាណផងដែរ។ ឯកឧត្តមវេជ្ជបណ្ឌិត បានជម្រាបទៅគណៈប្រតិភូអង្គការអំពីការយកចិត្តទុកដាក់ខ្ពស់ របស់​ ឯកឧត្តមសាស្ត្រា​ចារ្យរដ្ឋមន្ត្រី​ ក្នុងការដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលផ្នែកឱសថបុរាណ ទៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហេីយក៏រួមបញ្ចូលការពង្រឹងគុណភាព និងសមត្ថភាពផ្នែកឱសថបុរាណ ក៏ដូចជាការពង្រឹង និងពង្រីកសមត្ថភាពរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណផងដែរ។
 
​តាមរយៈជំនួបពិភាក្សានេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានផ្តល់នូវអនុសាសន៍​ជូនទៅអង្គការអំពីការរៀបចំជា Concept Note និងMOU ដើម្បីដាក់ជូននាយកដ្ឋានពាក់ព័ន្ធ​ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ដើម្បីពិនិត្យ​ និងផ្តល់យោបល់​ មុននឹងស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់​ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី។
 
នៅក្នុងជំនួបពិភាក្សានេះដែរ  មានការអញ្ជើញចូលរួមពី​ ឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេសសុខាភិបាល​ ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ​ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ និងប្រធានការិយាល័យបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្រ​បុរាណ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image