June 14, 2026
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពីជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដំបូងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានសម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ក្នុងសន្និសីទសារព័ត៌មាន បានបង្ហាញពីការជោគជ័យរបស់កម្ពុជា ដែលសម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥។ ដូចដែលបានដឹងថា ក្នុងអំឡុងឆ្នាំ១៩៩៧ កម្ពុជា ជាប្រទេសដែលឆ្លងជំងឺអេដស៍ច្រើនជាងគេ មួយឆ្នាំមានអ្នកឆ្លងអេដស៍ចំនួន ១៥ ០០០នាក់។ បច្ចុប្បន្ននេះ កម្ពុជា បានប្រែក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សមិទ្ធផលទាំងអស់នេះ បានមកដោយការខិតខំរួមគ្នា និងដោយមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។
ទន្ទឹមគ្នានោះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជា សម្រេចបានទិសដៅ ៩៥-៩៥-៩៥ នាឆ្នាំ២០២៥ មុនគោលដៅសកលឆ្នាំ២០៣០ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការឈានសម្រេចបានគោលដៅក្នុងការបញ្ចប់មេរោគអេដស៍ ជំងឺអេដស៍ដែលជាបញ្ហាប្រឈមខ្លាំងសម្រាប់សុខភាពសាធារណៈ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា លោក Eamonn Murphy នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័ន ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល តំណាងប្រជាជនគន្លឹះ និងបណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិ សរុបប្រមាណ ១៤៥នាក់។