June 16, 2026
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
នៅក្នុងឱកាសដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ ដោយមាន ប្រតិភូ WAGGGS ចូលរួមពីតំណាងប្រទេសជាសមាជិកជាង ៨៥ ប្រទេស។ នេះជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្ត ការទទួលស្គាល់ និងការគាំទ្រពីសហគមន៍អន្តរជាតិចំពោះព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ការជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះ បានបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា មិនត្រឹមតែជាកិត្តិយសសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបានទទួលស្វាគមន៍ មិត្តភក្តិអន្តរជាតិ ក្រុមកាយឫទ្ធិនារី ថ្នាក់ដឹកនាំស្ត្រី យុវនារី អ្នកគាំទ្រ និងដៃគូអភិវឌ្ឍមកពីបណ្តាប្រទេសនៅជុំវិញពិភពលោក។
ខេត្តសៀមរាប៖ ព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦