Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សា ស្ដីពីការប្រើប្រាស់សំណុំឯកសារកំនត់ត្រាផ្ទៃពោះមានហានិភ័យ ដោយប្រើកូដពណ៌។

June 21, 2026

រាជធានៅភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនាឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក បានរៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពីការប្រើប្រាស់សំណុំឯកសារកំនត់ត្រាផ្ទៃពោះមានហានិភ័យវដោយប្រើកូដពណ៌ ដឹកនាំដោយ លោកជំទាវសាស្រ្តាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួល ក្នុងការងារពង្រឹងគុណភាពថែទាំ ព្យាបាល សុខុមាលភាព មាតា ទារក កុមារ និងរោគស្ត្រី។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖
១.កំណត់ស្ត្រីមានផ្ទៃពោះ ដែលមានហានិភ័យ និងការប្រើប្រាស់សំណុំឯកសារការថែទាំផ្ទៃពោះមានហានិភ័យ និងប្រព័ន្ធបញ្ជូន។
២.ពិភាក្សាអំពីបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការថែទាំសុខភាពមាតា និងទារក។

លោកជំទាវសាស្ត្រាចារ្យ បានលើកឡើងថា នៅពេលចាប់ផ្តើមអនុវត្តប្រព័ន្ធថ្មី អាចមានការព្រួយបារម្ភ ការស្ទាក់ស្ទើរ ឬទស្សនៈមួយចំនួនដែលយល់ថា វាជាបន្ទុកការងារបន្ថែម ឬមានភាពស្មុគស្មាញ តែទោះជាយ៉ាងណា លោកជំទាវបានស្នើឱ្យអង្គប្រជុំគិតពិចារណាឡើងវិញថា ប្រសិនបើយើងមិនផ្លាស់ប្តូរ និងបន្តអនុវត្តតាមទម្លាប់ចាស់ នោះស្ត្រីមានផ្ទៃពោះជាច្រើននាក់ នៅតែអាចប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបញ្ជូន និងការផ្តល់សេវាថែទាំព្យាបាលមិនទាន់ពេលវេលា។

លោកជំទាវ បានជម្រាបជូនថា គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រោះវាជាយន្តការសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពមាតា និងទារកនៅកម្ពុជា។

លោកជំទាវបានបញ្ជាក់បន្ថែមថា ការកំណត់កូដពណ៌ សម្រាប់ផ្ទៃពោះមានហានិភ័យ និងការបញ្ជូនស្ត្រីមានផ្ទៃពោះហានិភ័យ គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏សាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើកម្រិតហានិភ័យដូចខាងក្រោម៖
-ពណ៌ក្រហម (ហានិភ័យខ្ពស់បំផុត)៖ ត្រូវបញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យថ្នាក់ជាតិ ឬ មន្ទីរពេទ្យខេត្ត(CPA3)ដោយមិនត្រូវពន្យារពេល
-ពណ៌ទឹកក្រូច (ហានិភ័យមធ្យម)៖ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ឬខេត្តដែលមានជំនាញឯកទេសច្បាស់លាស់
-ពណ៌បៃតង (ហានិភ័យទាប ឬ គ្មានហានិភ័យ)៖ អាចបន្តទទួលសេវាថែទាំ និងសម្រាលកូននៅមណ្ឌលសុខភាព ក្រោមការតាមដានយ៉ាងដិតដល់។

ក្នុងឱកាសនោះ លោកជំទាវសាស្រ្តាចារ្យក៏បានដាក់ជូននូវអនុសាសន៍សំខាន់ៗ ចំនួន ៣ រួមមាន៖
១.ពង្រឹងយន្តការគាំទ្រ និងការត្រួតពិនិត្យជាប្រចាំ ដោយឱ្យមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើតក្រុមការងារតាមដាន និងវាយតម្លៃការអនុវត្តប្រព័ន្ធកូដពណ៌ នៅតាមមណ្ឌលសុខភាព
២.ពង្រឹងការទំនាក់ទំនង ក្នុងប្រព័ន្ធបញ្ជូន ដោយឱ្យមន្ទីរពេទ្យគ្រប់កម្រិតត្រៀមលក្ខណៈរួចជាស្រេច ក្នុងការទទួលអ្នកជំងឺដែលត្រូវបានបញ្ជូន និងអនុវត្តការទំនាក់ទំនងមុនពេលបញ្ជូន (Pre-referral SBAR Communication) ឱ្យបានច្បាស់លាស់
៣.គាំទ្រការបណ្តុះបណ្តាលបន្ត ដោយជំរុញឱ្យបុគ្គលិកសុខាភិបាល ជាពិសេសឆ្មបជួរមុខ ទទួលបានការបណ្តុះបណ្តាល និងការផ្សព្វផ្សាយឯកសារណែនាំ ស្តីពីការពិនិត្យផ្ទៃពោះ ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល។

លោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការរៀបចំ និងសម្របសម្រួលឱ្យបុគ្គលិកមណ្ឌលសុខភាពទទួលបានការបណ្តុះបណ្តាលលើប្រព័ន្ធកូដពណ៌នេះប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ក៏សូមធ្វើជាគំរូក្នុងការជំរុញការផ្លាស់ប្តូរផ្នត់គំនិត និងការចូលរួមអនុវត្តប្រព័ន្ធថ្មីនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា ការវិនិយោគពេលវេលា ការយកចិត្តទុកដាក់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលជួរមុខនាពេលបច្ចុប្បន្ន គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់ការការពារអាយុជីវិត និងសុខុមាលភាពរបស់មាតា និងទារកកម្ពុជានាពេលអនាគត។

ក្នុងកិច្ចប្រជុំនេះ ក៏មានការបង្ហាញអំពីនីតិវិធីប្រតិបត្តិស្តីពីការថែទាំផ្ទៃពោះមុនសម្រាល សំណុំឯកសារសម្រាប់គ្រប់គ្រងស្ត្រីមានផ្ទៃពោះ ដែលមានហានិភ័យសម្រាប់ឆ្មប និងលិខិតបញ្ជូនស្ត្រីមានផ្ទៃពោះដែលមានហានិភ័យផងដែរ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យជាតិទាំង៨ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលប្រធានគាំពារមាតា និងទារក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព ឆ្មបដែលបម្រើការនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ទាំង២៥ រាជធានី ខេត្ត រួមទាំងកម្មវិធីជាតិទាំង៥ និងផ្នែកបណ្ដុះបណ្ដាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សរុបចំនួន ២៣០០នាក់ ក្នុងនោះចូលរួមផ្ទាល់ចំនួន ៣០នាក់ និងតាមប្រព័ន្ធនិមិ្មតចំនួន ២២៧០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image