Cambodia
New Details

Image
ក្រសួងសុខាភិបាល ពង្រឹងសមត្ថភាពគ្រូបង្គោលថ្នាក់ខេត្ត ដើម្បីលើកកម្ពស់ការបម្រើសេវាគាំទ្រចិត្ត សង្គម ដល់ជនរងគ្រោះដែលប៉ះទង្គិចផ្លូវចិត្ត។

July 02, 2026

ខេត្តសៀមរាប៖ ព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្តសង្គម ដល់ជនរងគ្រោះដែលប៉ះទង្គិចផ្លូវចិត្ត ដែលរៀបចំលើកទី២ ដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល នៅខេត្តសៀមរាប ដោយមានការគាំទ្រថវិកាពីគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការគាំទ្រចិត្ត សង្គម និងការផ្តល់ប្រឹក្សាផ្លូវចិត្តដល់ជនរងគ្រោះដែលរងការប៉ះទង្គិចផ្លូវចិត្ត គឺជាអន្តរាគមន៍ដ៏សំខាន់ ដែលត្រូវផ្តល់ជូនប្រកបដោយគុណភាព ទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ។ ក្នុងន័យនេះ ក្រសួងសុខាភិបាល តាមរយៈ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បន្តពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណភាព និងពង្រីកការផ្តល់សេវាសុខភាពផ្លូវចិត្តឱ្យកាន់តែមានប្រសិទ្ធភាព និងអាចចូលដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់សិក្ខាកាមឱ្យខិតខំសិក្សា និងយកចំណេះដឹងដែលទទួលបានទៅអនុវត្ត ព្រមទាំងចែករំលែកបន្តដល់មន្ត្រីសុខាភិបាលនៅមូលដ្ឋាន ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសង្គមសម្រាប់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សឹង រិទ្ធិរ៉េត អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីសុខាភិបាលមកពីរដ្ឋបាលខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង សរុបចំនួន ៣៣នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image