July 05, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសុខភាពសិក្សា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃកិច្ចការសុខភាពសិក្សា ក្នុងឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត។
គោលបំណងនៃកិច្ចប្រជុំនេះមានដូចជា៖
-ពិនិត្យវឌ្ឍនភាព នៃការអនុវត្តកិច្ចការសុខភាពសិក្សា នៃក្រសួងសុខាភិបាល ក្នុងឆមាសទី១ ឆ្នាំ២០២៦
-ពង្រឹងការរៀបចំ និងបញ្ជូនរបាយការណ៍វឌ្ឍនភាពការងារសុខភាពសិក្សាឱ្យបានទាន់ពេលវេលា
-បង្កើនប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសុខភាពសិក្សានៅឆមាសបន្ទាប់ ឱ្យស្របតាមទិសដៅ ផែនការយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២៦-២០៣០។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី ខេត្ត ដែលបានចូលរួមអនុវត្តការងារសុខភាពសិក្សាក្នុងឆមាសទី១ ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់អង្គភាពពាក់ព័ន្ធ សហការជាមួយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការដោយផ្តោតលើការពង្រឹងបន្ទប់ពិនិត្យសុខភាព និងបន្ទប់ប្រឹក្សានៅតាមសាលារៀន ការអប់រំអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិច និងផ្សព្វផ្សាយអំពីអាហារូបត្ថម្ភដល់សិស្សសាលា ព្រមទាំងជំរុញការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងឱ្យបានទូលំទូលាយ ស្របតាមគោលនយោបាយ និងការណែនាំរបស់ក្រសួងសុខាភិបាល។
បន្ថែមពីនេះឯកឧត្តមសាស្រ្តាចារ្យ បានណែនាំឱ្យនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងកម្មវិធី ព្រមទាំងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត បន្តពង្រឹងរៀបចំ និងបញ្ជូនរបាយការណ៍វឌ្ឍនភាពការងារសុខភាពសិក្សាឱ្យបានទាន់ពេលវេលា ដើម្បីជាមូលដ្ឋានសម្រាប់ការតាមដាន វាយតម្លៃ និងកែលម្អការអនុវត្តសកម្មភាពនៅឆមាសបន្ទាប់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទាវវេជ្ជបណ្ឌិត ឆាយគឹម សុធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោក លោកស្រី អញ្ជើញមកពី នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងកម្មវិធីនៃក្រុមការងារសុខភាពសិក្សា នៃក្រសួងសុខាភិបាល ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត បានចូលរួមតាមប្រព័ន្ធ Zoom ដែលមានសមាសភាពចូលរួម សរុបចំនួន ៦៦រូប។