July 06, 2026
ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តសៀមរាប។
ការចុះអភិបាលនេះ មានគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅ និងលំហូរអ្នកជំងឺនៅក្នុងមន្ទីពេទ្យទាំងមូល រួមនឹងការពិនិត្យពង្រឹងសោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋានរបស់បុគ្គលិក ។
នៅក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការចុះពិនិត្យនៅតាមទីតាំងផ្ដល់សេវារបស់មន្ទីរពេទ្យ និងបានចូលសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅមន្ទីរពេទ្យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាការណែនាំ និងអនុសាសន៍មួយចំនួន ទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ រៀបចំប្រព័ន្ធសង្គ្រោះបន្ទាន់ឱ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ដោយសារមន្ទីរពេទ្យខេត្តសៀមរាបនេះ ជាមន្ទីរពេទ្យដែលគ្រោងនឹងក្លាយជាមន្ទីរពេទ្យតំបន់ ហើយអាចជួយទ្រទ្រង់ខេត្តជុំវិញជាពិសេសខេត្តជាប់ព្រំដែន ដូច្នេះមន្ទីរពេទ្យខេត្តសៀមរាបនេះ ត្រូវមានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលនឹងមន្ទីរពេទ្យជាតិ ដោយត្រូវរៀបចំពង្រឹងបន្ថែមទៀតនូវសមត្ថភាពគ្រូពេទ្យ សម្ភារៈបរិក្ខារ ក៏ដូចជារថយន្តគិលានសង្គ្រោះឱ្យកាន់តែមានសមត្ថភាពពេញលេញក្នុងការជួយសង្គ្រោះបានគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យពិនិត្យកែលម្អលំហូរអ្នកជំងឺក្នុងការមកទទួលសេវាពិគ្រោះព្យាបាលផ្នែកជំងឺក្រៅ ដោយសម្រួលនីតិវិធីក្នុងការចូលសម្រាកពេទ្យរបស់អ្នកជំងឺ ដើម្បីឱ្យទទួលបានសេវាកាន់តែឆាប់រហ័ស និងបានក្រើនរំលឹកឱ្យបន្តខិតខំអំពីការថែរក្សាកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពការពារការចម្លងរោគ អនាម័យ បរិស្ថាន នៅគ្រប់ផ្នែកទាំងអស់ ពិសេសនៅផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យខេត្តសៀមរាបទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយឯកឧត្តមសង្កេតឃើញថាមានការគាំទ្រ និងការមកទទួលសេវាយ៉ាងច្រើន នៅមន្ទីរពេទ្យខេត្តសៀមរាប។