July 09, 2026
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយ លោក Tom Muller អគ្គនាយកនៃអង្គការ WaterAid អូស្ដ្រាលី ដើម្បីពិភាក្សាការងារ និងសិក្សាស្វែងយល់លើវិស័យសុខាភិបាលនៅប្រទេសកម្ពុជា។
លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍ និងសំដែងការអរគុណជូនលោក Tom Muller អគ្គនាយកនៃអង្គការ WaterAid អូស្ដ្រាលី និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ហេីយលោកជំទាវក៏ដោយបានពាំនាំនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងជម្រាបសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនលោកអគ្គនាយក និងសហការីរបស់លោក ជាមួយនឹងការប្រសិទ្ធិពរជ័យ ឱ្យដំណេីរទស្សកិច្ចរបស់លោកនៅកម្ពុជាប្រព្រឹត្តទៅដោយជោគជ័យ។
លោក Tom Muller អគ្គនាយកនៃអង្គការ WaterAid អូស្ដ្រាលី បានវាយតម្លៃយ៉ាងខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់ប្រទេសកម្ពុជានាពេលកន្លងមក។ ក្នុងនោះ វិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សនារយ:ពេលចុងក្រោយនេះ ជាពិសេសលេីកិច្ចខិតខំប្រឹងប្រែងលេីការកែលម្អគុណភាពសេវាសុខាភិបាល នៅទូទាំងប្រទេស ជាមួយនឹងការលេីកកម្ពស់សុខភាពប្រជាពលរដ្ឋទូទៅ រួមទាំងកិច្ចសហការជំរុញការអនុវត្ត អនាម័យ និងទឹកស្អាត (WASH) ព្រមទាំងការការពារការចម្លងរោគនៅតាមមណ្ឌលសុខភាពផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនភ្ញៀវ ពីគោលនយោបាយ ផែនការអាទិភាព វឌ្ឍនភាព និងពិភាក្សាពីកិច្ចសហការលើកម្មវិធីទឹកស្អាត និងអនាម័យ (WASH) នៅតាមមូលដ្ឋានព្យាបាល និងថែទាំសុខភាព ដែលអង្គការវ័តធឺអេតកម្ពុជា (WaterAid) បានគាំទ្រ និងបន្តគាំទ្រនាឆ្នាំខាងមុខនេះ និងជំរុញការចូលរួមលេីកិច្ចការជំរុញបង្កេីន ការថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់នៃសេវាថែទាំសុខភាព និងជួយការបង្ការ នូវការចម្លងរោគ ការពារបុគ្គលិកសុខាភិបាល និងអ្នកជំងឺ ព្រមទាំងអ្នកដែលងាយរងគ្រោះដូចជា៖ ស្ត្រីមានផ្ទៃពោះ កុមារ និងជនមានពិការភាព ព្រមទាំងការផ្លាស់ប្តូរឥរិយាបថក្នុងការថែទាំសុខភាព នៅក្នុងសហគមន៍។
អង្គការវ័តធឺអេតកម្ពុជា មានចក្ខុវិស័យបន្តការគាំទ្រ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH) ដល់ប្រជាជន ៤០០ ០០០នាក់ បន្ថែមទៀតក្នុងនោះមានប្រជាជនប្រមាណ ៣០០ ០០០នាក់ នឹងទទួលបានសេវាទឹកស្អាត និងអនាម័យប្រសើរឡើងនៅតាមផ្ទះ និងមូលដ្ឋានសុខាភិបាល និងក្រុមងាយរងគ្រោះប្រមាណ ១០ ០០០នាក់ នឹងទទួលបានលទ្ធភាពប្រើប្រាស់សេវាទាំងនេះ ព្រមទាំងទទួលបានការគាំទ្រពីក្រសួងសុខាភិបាល ដើម្បីឱ្យគោលដៅទាំងនេះសម្រេចទៅបាន ដោយប្រសិទ្ធភាព ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ បានសំណូមពរឱ្យអង្គការនេះ ជួបពិភាក្សាបន្តលេីកិច្ចការគម្រោងសហប្រតិបត្តិការរបស់ខ្លួនសម្រាប់ឆ្នាំបន្តទៅមុខ ជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានសេវាសុខភាព នាយកដ្ឋានការពារសុខភាព និងមជ្ឈមណ្ឌលជាតិលេីកកម្ពស់សុខភាព ដេីម្បីពង្រីកវិសាលភាពនៃគម្រោងសុខភាពរបស់ខ្លួន ឱ្យបន្សីគ្នាទៅនឹងគោលនយោបាយ របស់ក្រសួងសុខាភិបាល លេីការលេីកកម្ពស់សុខភាពប្រជាជន សុវត្ថិភាពអ្នកជំងឺ ការការពារការចម្លងរោគ និងការការពារជំងឺមិនឆ្លង ដោយធានាបាននូវនិរន្តន៍ភាពការងារក្រោយគម្រោងត្រូវបានបញ្ចប់នាពេលអនាគត ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។