July 10, 2026
ខេត្តស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
ការចុះអភិបាលនេះមានគោលបំណងជួយគាំទ្រលើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅ និងលំហូរអ្នកជំងឺនៅក្នុងមន្ទីពេទ្យទាំងមូល រួមទាំងការពិនិត្យពង្រឹងសោភ័ណ្ឌភាពទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋានរបស់បុគ្គលិក ។
នៅក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការចុះពិនិត្យនៅតាមទីតាំងផ្ដល់សេវារបស់មន្ទីរពេទ្យ និងបានចូលសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបម្រើការងារនៅមន្ទីរពេទ្យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាការណែនាំ និងអនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាបុគ្គលិកសុខាភិបាល ឱ្យធ្វើការកែលម្អ និងពង្រឹងនូវចំណុចមួយចំនួនដូចខាងក្រោម៖
១)ខិតខំបន្តពង្រឹងបន្ថែមបដិសណ្ឋារកិច្ច ត្រូវមានភាពរួសរាយរាក់ទាក់ និងប្រកបដោយស្នាមញញឹម
២)កែលម្អលំហូរអ្នកជំងឺផ្នែកពិគ្រោះជំងឺក្រៅ ដោយត្រូវរៀបចំបន្ទប់ពិគ្រោះជំងឺក្រៅឱ្យបានសមរម្យ និងល្អប្រសើរជាងនេះ
៣)បន្តខិតខំថែរក្សា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពការពារការចម្លងរោគ អនាម័យ បរិស្ថាន
៤)ពង្រឹងប្រព័ន្ធសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូន
៥)ពង្រឹងប្រព័ន្ធសុវត្ថិភាព និងការពារការចម្លងរោគនៅក្នុងបន្ទប់វះកាត់។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យខេត្តស្ទឹងត្រែងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។