July 10, 2026
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអម ក្រសួងកិច្ចការអឺរ៉ុបនិងការបរទេសស និងគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា–បារាំង ក្នុងវិស័យសុខាភិបាល។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យ សុខាភិបាលកម្ពុជា រួមមានគម្រោង មន្ទីរពេទ្យសាកលវិទ្យាល័យ (CHU France–Cambodge) ក្នុងការចូលរួមជាមួយសុខាភិបាលកម្ពុជាលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលទាំងក្នុង និងក្រៅប្រទេស (នៅសាធារណៈរដ្ឋបារាំង) ការស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការ ពង្រឹងលទ្ធភាពទទួលបានសេវាសុខភាពប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាមឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូថា ការបន្តក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ សម្រាប់កម្ពុជា ការចូលរួមរៀបចំគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ ការចងក្រងជាក្រុមស្រាវជ្រាវពិសេសលើជំងឺឆ្លង ទាំងអស់គឺ គឺស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដែលទំនើប ដែលមានសមត្ថភាពខ្ពស់ផ្តល់សេវាថែទាំព្យាបាលកម្រិតស្តង់ដារសាកល។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈទានអំពី ប្រវត្តិចំណងមិត្តភាពយូរអង្វែងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង (liens d’amitiés historiques de longue date et durables) ខណៈកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ជំនួបកំពូលប្រមុខរដ្ឋប្រទេសនិយាយភាសារបារាំងនាខែវិច្ឆិកាខាងមុខ។