July 11, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ» ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសូងទេសចរណ៍ និងឯកឧត្តមបឃូង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១)ការស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត (២)ការបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍កម្ពុជា ព្រមទាំងការលើកកម្ពស់សេវាកម្មប្រកបដោយគុណភាព និងស្តង់ដា និង (៣)ការត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមនិន្នាការ និងតម្រូវការទីផ្សារអន្តរជាតិ។
ព្រឹត្តិការណ៍ដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេស ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងសហគមន៍សាសនាឥស្លាម សមាគមនៅក្នុងឧស្សាហកម្មទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន វិស័យឯកជន បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន អាជីវករ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបចំនួន ៥១៣នាក់។