Cambodia
New Details

Image
ពិធីបើកគម្រោងពិនិត្យសុខភាពភ្នែក ព្យាបាល វះកាត់ និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

July 15, 2026

ខេត្តព្រៃវែង៖ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកគម្រោងពិនិត្យសុខភាពភ្នែក និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលរៀបចំដោយ កម្មវិធីជាតិសុខភាពភ្នែក មូលនិធិហ្វេ្រដហូឡូ (The Fred Hollows Foundation) និងដៃគូពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា សុខភាពភ្នែកគឺជាផ្នែកដ៏សំខាន់ នៃសុខភាពទូទៅ និងជាមូលដ្ឋានសម្រាប់ការសិក្សា ការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ជំងឺភ្នែកជាច្រើនអាចបង្ការ និងព្យាបាលបាន ប្រសិនបើរកឃើញ និងព្យាបាលទាន់ពេលវេលា។ ដូច្នេះការពិនិត្យភ្នែកជាប្រចាំ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតរបស់បុគ្គល និងសង្គមទាំងមូល។

ឯកឧត្តមវេជ្ជបណ្ឌិត បានលើកឡើងថា ក្រសួងសុខាភិបាល បន្តពង្រឹងការអនុវត្តកម្មវិធីជាតិសុខភាពភ្នែក តាមរយៈការពង្រឹងគុណភាពសេវា ការបណ្តុះបណ្តាលធនធានមនុស្ស ការបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រ និងការពង្រីកការទទួលបានសេវាថែទាំសុខភាពភ្នែក រហូតដល់មូលដ្ឋាន ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅ​គ្របដណ្តប់សុខភាពជាសកល។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់មូលនិធិហ្វេ្រដហូឡូ កម្មវិធីជាតិសុខភាពភ្នែក ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានសហការរៀបចំ និងគាំទ្រគម្រោងមនុស្សធម៌ដ៏មានសារៈសំខាន់នេះ ដើម្បីលើកកម្ពស់សុខភាពភ្នែក និងកាត់បន្ថយភាពពិការភ្នែកដែលអាចបង្ការបានក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្សព្វផ្សាយសារអប់រំសុខភាព ដោយអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពភ្នែក ពិនិត្យភ្នែកជាប្រចាំ ជាពិសេសកុមារ មនុស្សវ័យចំណាស់ និងអ្នកជំងឺទឹកនោមផ្អែម និងបានក្រើនរំលឹកអំពីការបង្ការជំងឺគ្រុនឈាមតាមវិធានការ "៣កុំ ៣បំបាត់" ការការពារជំងឺមិនឆ្លងតាមរយៈការរស់នៅប្រកបដោយសុខភាពល្អ និងការអនុវត្តអនាម័យម្ហូបអាហារ ដើម្បីការពារជំងឺឆ្លងផ្សេងៗ។

បន្ទាប់ពីពិធីបើកជាផ្លូវការ គណៈអធិបតី និងក្រុមការងារបានអញ្ជើញបើកដំណើរការកម្មវិធីពិនិត្យសុខភា​ព​ភ្នែក និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលរំពឹងថានឹងជួយឱ្យប្រជាពលរដ្ឋទទួលបានការពិនិត្យ ការរកឃើញបញ្ហាភ្នែកបានទាន់ពេល ការទទួលបានវ៉ែនតាសមស្រប ការព្យាបាល និងការវះកាត់ ដើម្បីលើកកម្ពស់គុណភា​ព​ជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យ ដោ សីហា អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក លោកវេជ្ជបណ្ឌិត ឡេង ពីនី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង លោក បាក់ តូក្យូ នាយកមូលនិធិហ្វេ្រដហូឡូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីជំនាញ បុគ្គលិកសុខាភិ​បា​ល អាជ្ញាធរ​មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

Gallery Gallery
1 / 1
Gallery image