Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សាអំពីអាទិភាព សុខភាពបន្តពូជ មាតា ទារក កុមារ និងយុវវ័យ (RMNCAH) បន្ទាប់ពី មហាសន្និបាតសុខភាពពិភពលោកលើកទី៧៩ (ថ្ងៃទី១៨-២៣ ខែឧសភា ឆ្នាំ២០២៦) នៅប្រទេសស្វីស។

July 15, 2026

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ រវាងក្រសួងសុខាភិបាល តាមប្រព័ន្ធអនឡាញ (Post-WHA Online Meeting) ជាមួយនឹងទីស្នាក់ការកណ្តាលនៃអង្គការសុខភាពពិភពលោក។

ជាកិច្ចចាប់ផ្តើមលោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះភាព​ជាដៃគូ​យ៉ាងរឹងមាំ​រវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការ WHO ក្នុងការលើកកម្ពស់របៀបវារៈសុខាភិបាលជាតិ។ លោកជំទាវសាស្ត្រាចារ្យ បានគូសបញ្ជាក់ពីការប្រឹងប្រែងរបស់​ក្រសួងសុខាភិបាល​ ដាក់​ចេញ​នូវទិសដៅអាទិភាពសំខាន់ៗចំនួន ៥ រួមមាន៖ ១.ការពង្រឹងគំរូនៃការថែទាំដោយឆ្មប ក្នុងការថែទាំផ្ទៃពោះ(ANC) ថែទាំពេលសម្រាល និងក្រោយសម្រាល រួមទាំងការគ្រប់គ្រងសម្ភពសង្គ្រោះបន្ទាន់ដូចជាការធ្លាក់ឈាមក្រោយសម្រាល និងក្រឡាភ្លើង។ ២.ការលើកកម្ពស់គុណភាពជាប្រចាំដោយការអនុវត្តយន្តការ PDIA។ ៣.ការពង្រីក​បណ្តាញ​សង្គ្រោះ​បន្ទាន់ផ្នែកសម្ភព និងទារក (EmONC)។ ៤.ការលើកកម្ពស់​សុខភាព​យុវវ័យ និង​៥.សិទ្ធិ​សុខភាព​ផ្លូវភេទ និងបន្តពូជ (SRHR)។

មន្ត្រីជំនាញនៃអង្គការសុខភាពពិភពលោក  បានបញ្ជាក់អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត ដោយផ្តោតសំខាន់ការលើកកម្ពស់សមត្ថភាពឆ្មបក្នុងការអនិវត្តនូវអទិភាពទាំង ៥  ព្រមទាំងការជំរុញការចូលរួមក្នុងការសិក្សាស្រាវជ្រាវដើម្បីជាមេរៀនដកពិសោធន៍ និងសម្រាប់ការពង្រីកនូវការអនុវត្ត។

ជាទីបញ្ចប់ លោកជំទាវសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ការយកឈ្នះលើបញ្ហាប្រឈមនានា ទាមទារ​ឱ្យ​មាន​​ការពង្រឹងសមត្ថភាពគ្លីនិក និងការគាំទ្រយ៉ាងរឹងមាំពីដៃគូសកលដូចជាអង្គការ WHO UNFPA ជាដើម។

កិច្ចប្រជុំនេះក៏មានការអញ្ជើញ​ចូលរួម​ជាកិត្តិយសពីមន្រ្តីជំនាញនៃអង្គការ WHO-HRP (the ​UNDP/UNFPA/UNICEF/WHO/World Bank Special Programme of Research, Development and Research Training in Human Reproduction) ក្រោមការដឹកនាំរបស់លោកស្រីវេជ្ជបណ្ឌិត  Pascale Allotey នៃWHO ទីស្នាក់ការកណ្តាល ព្រមទាំងតំណាងអង្គការ WHO និង UNFPA ប្រចាំកម្ពុជា និងមន្ត្រីជំនាញជាច្រើនរូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image