July 15, 2026
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកលលើកទី១១ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល។
គោលបំណង នៃកិច្ចប្រជុំ ផ្តោតទៅលើចំណុចសំខាន់ៗ រួមមាន៖
- ការអនុម័តគាំទ្រលើសមាសភាពគណៈកម្មាធិការក្រមសីលធម៌ របស់គណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល
- ពិនិត្យ និងអនុម័តលើសំណើថវិកាហិរញ្ញប្បទានមូលនិធិសកល សម្រាប់កម្មវីធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេងសម្រាប់វដ្តទី៨ ឆ្នាំ២០២៧-២០២៩
- ការពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងហិរញ្ញប្បទានមូលនិធិសកល វដ្តទី៧ (ឆ្នាំ២០២៤-២០២៦) ការប្រឈម និងការឆ្លើយតបទៅនឹងអនុសាសន៏របស់មូលនិធិសកល ។ល។
ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំសំណើសុំថវិកាមូលនិធិសកល វដ្តទី៨ និងដាក់ជូនគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល ពិនិត្យ និងអនុមត័ទាន់ពេលវេលា។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកលបានថ្លែងអំណរគុណជូនដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ លើកទឹកចិត្ត និងផ្តល់អាទិភាពសម្រាប់កម្មវិធីជាតិទាំងបី ក៏ដូចជាវិស័យសុខាភិបាលទូទាំងប្រទេសផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ធ្វើសមារណកម្មសេវានៃកម្មវិធីជាតិទាំងបី អេដស៍ របេង និងគ្រុនចាញ់ ទៅក្នុងការថែទាំសុខភាពបឋមនៅតាមមណ្ឌលសុខភាព និងប៉ុស្តិសុខភាព និងជំរុញកិច្ចសហការពហុវិស័យ ដើម្បីធានាបាននូវប្រសិទ្ធភាព និរន្តរភាព និងភាពធន់នៃកម្មវិធី។
ជាលទ្ធផល គណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល បានបោះឆ្នោតអនុម័តលើ សំណើគម្រោងសម្រាប់កម្មវិធី អេដស៍ និងរបេង ក្នុងវដ្តទី៨ ឆ្នាំ២០២៧-២០២៩ ដើម្បីដាក់ជូនមូលនិធិសកលពិនិត្យនិងសម្រេច។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមទាំងដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Zoom) ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញមកពី គណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល (CCC) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្សេងទៀត តំណាងប្រជាជនគន្លឹះ បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺរបេង អង្គការដៃគូសុខាភិបាល រួមមាន WHO, UNAIDS, UNOPS, US-CDC, CHAI, FHI 360, ស្ថានទូតបារាំង តំណាង LFA ព្រមទាំងតំណាងវិស័យឯកជន សរុបចំនួន ៩០រូប។