July 17, 2026
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការសិក្សាស្វែងយល់កលើករណីមរណភាពមាតា របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជាមួយគណកម្មការ នៃមន្ទីរពេទ្យជាតិទាំង៨ និងមន្ទីរសុខាភិបាលខេត្តសម្ព័ន្ធមេត្រីភាព។
ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានរំលឹកឡើងវិញនូវក្រមសីលធ៌ម សម្រាប់ប្រជុំរបស់គណៈកម្មការ MPDSR ដោយសង្កត់ធ្វន់លើ វប្បធម៍នៃការមិនស្តីបន្ទោស (No Blame Culture) ប៉ុន្តែប្រកាន់ខ្ជាប់នូវការទទួល ខុសត្រូវខ្ពស់ និងមានគណនេយ្យភាព (Accountability)។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវ សេវាសុខភាពមាតា និងទារក នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលមានការចូលរួមពីគណកម្មការ MPDSR រួមនឹងគណកម្មការមន្ទីរពេទ្យជាតិទាំង៧ទៀត និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីទាំង៣ របស់មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។ តាមរយៈការពិភាក្សារួមគ្នាលើរបាយការណ៍ ទម្រង់ការយឺតយ៉ាវទាំង៣ (3 Delays) អង្គប្រជុំក៏បានរកឃើញនូវចំនុចដែលអនុវត្តបានល្អ និងរកឃើញនូវចំណុចមួយចំនួនទៀតដែលត្រូវធ្វើការកែលម្អ ដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តការងារ សម្រាប់ជួយជីវិតមាតា និងទារក តាមរយះការរៀបចំធ្វើផែនការឆ្លើយតបបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីបញ្ឈប់មរណភាព ដែលអាចជៀសបាននាពេលអនាគត។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបន្តក្រើនរំលឹកពីសារៈសំខាន់ នៃការងារពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ដែលជាការងារគន្លឹះ និងជាអាទិភាពចម្បង របស់ក្រសួងសុខាភិបាល និងបានផ្តល់ជូននូវអនុសាសន៍គន្លឹះរួមមាន៖ (១)តាមរយៈការងារដ៏មានតម្លៃនេះ យើងបានបង្កើតឱ្យមាន Color coding សម្រាប់ការដាក់ចំណាត់ថ្នាក់ស្ត្រីផ្ទៃពោះ ដែលមានហានិភ័យក្នុងពេល ពិនិត្យANC ហើយត្រូវទំនាក់ទំនងជាមួយគាត់ជាប្រចាំ ដើម្បីធ្វើការថែទាំគ្រប់ជ្រុងជ្រោយដល់ពួកគាត់ (២)សូមឱ្យមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ ជួយរំលឹកដល់មន្ទីរសុខាភិបាលសម្ព័ន្ធមេត្រី ត្រូវពន្លឿនការអនុវត្តន៍ Color coding នេះ ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល (៣)ត្រូវពង្រឹងសមត្ថភាពគ្រូពេទ្យ លើការងារសង្គ្រោះបន្ទាន់ ក្នុងការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព (៤)គ្រូពេទ្យ បុគ្គលិកថែទាំទាំងអស់ ត្រូវរកឱ្យឃើញនូវកក្តាហានិភ័យ របស់ស្ត្រីមានផ្ទៃពោះឱ្យបានទាន់ពេលវេលា ព្រោះវាជាអាចជះឥទ្ធិពលលើប្រសិទ្ធិភាពនៃកិច្ចសង្គ្រោះ (៥)យើងត្រូវរៀនពីករណីដែលបានរកឃើញនេះ ធ្វើជាបទពិសោធន៌ដើម្បីចែករំលែកដល់សហភាតរះដ៏ទៃទៀត។
កិច្ចប្រជុំនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាគណៈកម្មការពិនិត្យ មរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ គណៈកម្មការថ្នាក់មន្ទីរពេទ្យជាតិ គណៈកម្មការ MPDSR ខេត្ត សរុបចំនួន ១០៤រូប។