July 18, 2026
ខេត្តកណ្ដាល៖ ថ្ងៃព្រហស្បតិ៍ ទី១៦ និងទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និង លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្អាង និងមន្ទីរពេទ្យបង្អែកល្វាឯម ជុំទី៤ ឆ្នាំ២០២៦។
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖ (១)ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង (៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។
ក្នុងឱកាសនោះដែរ ឯកឧត្តម និង លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាល ក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកស្អាង និងមន្ទីរពេទ្យបង្អែកល្វាឯម ។