July 18, 2026
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ដើម្បីពិនិត្យលើកផែនការយុទ្ធសាស្ត្រសម្រាប់សុខភាពតែមួយនៅកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
គោលបំណង នៃកិច្ចប្រជុំ ដើម្បីបង្ហាញអំពីវឌ្ឍនភាព នៃផែនការយុទ្ធសាស្ត្រជាតិសម្រាប់សុខភាពតែមួយនៅកម្ពុជា (The National One Health Strategy for Cambodia) ដែលរៀបចំ និងត្រៀមដាក់ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។
ក្នុងនេះដែរ លោកជំទាវប្រធានគណៈកម្មការ បានផ្តល់អនុសាសន៍ សូមពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងលើកទឹកចិត្តឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍នានា ដើម្បីផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ និងសមស្របទៅតាមបរិបទរបស់ប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែ ឯកឧត្តម ជិន វិសាល អគ្គលេខាធិការនៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ស្ថានទូតបារាំងប្រចាំកម្ពុជា ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងដៃគូអភិវឌ្ឍន៍៖ WHO FAO PATH IPC DFAT UNICEF HPA ។