Cambodia
New Details

Image
ជំនួបពិភាក្សាការងារជាមួយប្រតិភូមូលនិធិថែទាំភ្នែក (Eye Care Foundation) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពភ្នែកនៅកម្ពុជា។

July 18, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបប្រតិភូមូលនិធិថែទាំភ្នែក (Eye Care Foundation) ដឹកនាំដោយលោកស្រី Jeanette Dijkstra នាយកប្រតិបត្តិថ្មីរបស់មូលនិធិថែទាំភ្នែកប្រចាំស្នាក់ការកណ្តាលប្រទេសហូឡង់ ដើម្បីពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពភ្នែកនៅកម្ពុជា។
 
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Jeanette Dijkstra ក្នុងឱកាសចូលកាន់តំណែងជានាយកប្រតិបត្តិថ្មី របស់មូលនិធិថែទាំភ្នែក និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់មូលនិធិថែទាំភ្នែក ក្នុងការលើកកម្ពស់សុខភាពភ្នែក របស់ប្រជាពលរដ្ឋកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍កន្លងមក។
 
ក្នុងជំនួបនេះ លោកស្រី Jeanette Dijkstra បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិថែទាំភ្នែក អស់រយៈពេលជាច្រើនឆ្នាំកន្លងមក និងបានជម្រាបជូនអំពីសកម្មភាពសំខាន់ៗ របស់មូលនិធិថែទាំភ្នែកក្នុងការគាំទ្រកម្មវិធីជាតិសុខភាពភ្នែក តាមរយៈការពង្រឹងប្រព័ន្ធសុខាភិបាល ការបង្កើនលទ្ធភាពទទួលបានសេវាថែទាំភ្នែកប្រកបដោយគុណភាព ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់ឧបករណ៍ និងការពង្រឹងសមត្ថភាពស្ថាប័នសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រៅពីនេះមូលនិធិថែទាំភ្នែក នឹងបន្តគាំទ្រការពង្រឹងសេវាថែទាំភ្នែកកម្រិតបឋម ការវះកាត់ជំងឺបាយភ្នែក ការចុះផ្តល់សេវាតាមសហគមន៍ និងការពិនិត្យសុខភាពភ្នែកជូនកម្មករ និយោជិតនៅតាមរោងចក្រនានា។
 
មុននឹងបញ្ចប់នៅក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការពង្រឹង និងពង្រីកវិសាលភាពសេវាពិនិត្យថែទាំ និងព្យាបាលភ្នែក នៅតាមមូលដ្ឋានសុខាភិបាលពិសេសមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។ បន្ថែមពីនេះឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថាមូលនិធិថែទាំភ្នែក (Eye Care Foundation) នឹងបន្តខិតខំពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការនេះដើម្បីជាផលប្រយោជន៍រួម ទៅលើសុខភាពភ្នែករបស់ប្រជាពលរដ្ឋជាពិសេសនៅតាមសហគមន៍ដាច់ស្រយាលតាមបណ្ដាខេត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image