July 18, 2026
រដ្ឋមន្រ្តីសុខាភិបាល៖ «ផ្តើមពីគ្រូពេទ្យម្នាក់ៗខិតខំឱ្យក្លាយជាធនធានល្អ រចនាសម្ព័ន្ធសុខាភិបាលទាំងមូលនឹងរឹងមាំ និងជាកម្លាំងជំរុញការកែលម្អសុខាភិបាលទាំងមូលឱ្យបានប្រសេីរឡេីង។ ទន្ទឹមនឹងនោះ មូលដ្ឋានសុខាភិបាលល្អ ជាមូលដ្ឋានដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសង្គ្រោះអាយុជីវិត ការពារសេចក្តីថ្លៃថ្នូរអ្នកជំងឺ និងរក្សាបាននូវនិរន្តភាពទំនុកចិត្តពីប្រជាពលរដ្ឋ។»
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD Day) លើកទី៦ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់សុខភាព ដើម្បីគុណភាពជីវិតឱ្យកាន់តែស្រស់បំព្រង»។
ទិវានេះរៀបចំឡើងដោយគណៈគ្រូពេទ្យរាជធានីភ្នំពេញ ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពវិជ្ជាជីវៈ ការរៀនសូត្រពេញមួយជីវិត និងបង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ សាស្រ្តាចារ្យ សមាគម សមាជិកគណៈគ្រូពេទ្យ ចូលរួមផ្ទាល់ ៤០០នាក់ និងតាមប្រព័ន្ធអនឡាញ Zoom ចំនួន ១៣០០នាក់។