July 19, 2026
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទឱសថសាស្ត្រ លើកទី៦ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តសេវាឱសថសាស្ត្រ នៅក្នុងប្រទេសកម្ពុជា តាមរយៈនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត»។
គោលដៅចម្បងគឺ ការលើកកម្ពស់ការអនុវត្តវិជ្ជាជីវៈ និងសេវាឱសថសាស្ត្រនៅកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង កិច្ចសហការ និងការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ ព្រមទាំងបញ្ញាសិប្បនិម្មិត (AI)។
លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការបានមានប្រសាសន៍អំពី ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត ចូលទៅក្នុងប្រព័ន្ធសុខាភិបាល មិនត្រឹមតែជួយសម្រួលដល់ប្រតិបត្តិការរដ្ឋបាល របស់ឱសថស្ថានគ្លីនិក និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាជាយន្តការដ៏រឹងមាំមួយក្នុងការជំរុញ ឱ្យមានការថែទាំអ្នកជំងឺជាចម្បង (Patient-Centered Care) និងការពង្រឹង សុវត្ថិភាពអ្នកជំងឺ (Patient Safety) ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេស ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) នៅត្រឹមឆ្នាំ២០៣៥។ ក្នុងន័យនេះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ លើកទឹកចិត្តឱ្យបងប្អូនឱសថការីទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការអនុវត្តយុទ្ធសាស្ត្រគន្លឹះចំនួនបី៖ ទី១.ការអនុវត្តគោលការណ៍ ត្រឹមត្រូវទាំង៧ (7 Rights) ទី២.ការប្រើប្រាស់ឧបករណ៍ទំនាក់ទំនង SBAR៖ ក្នុងនាមជាដៃគូយ៉ាងសំខាន់ក្នុងប្រព័ន្ធថែទាំសុខភាព ការប្រាស្រ័យ ទាក់ទងប្រកបដោយប្រសិទ្ធភាពក្នុងក្រុមការងារពហុជំនាញគឺចាំបាច់ណាស់ និងទី៣.អនុវត្តយុទ្ធសាស្ត្រសម្រាប់ការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនូវឱសថ ដែលមានលក្ខណៈ មើលទៅស្រដៀងគ្នា និងឮសូរស្រដៀងគ្នា (Look-Alike, Sound-Alike LASA)។
លោកជំទាវមានប្រសាសន៍បន្ថែមអំពី អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សុខុមាលភាព និងយកចិត្តទុកដាក់អាយុជីវិតរបស់អ្នកជំងឺជាអាទិភាពចម្បងបំផុត ជៀសវៀងឱ្យបានការលក់ឱសថក្លែងក្លាយ ឱសថអន់គុណភាព ឬឱសថហួសកាលកំណត់ ដែលធ្វើឱ្យការព្យាបាលគ្មានប្រសិទ្ធភាព។
សន្និសីទនេះមានការអញ្ចើញចូលរួមពីឱសថការី និងនិសិ្សតចំនួន ១១០ រូប។