Cambodia
New Details

Image
ពិធីបើកដំណើរការវះកាត់ឆែបមាត់ ឆែបក្រអូមមាត់ឆែប រលាក និងពិនិត្យនិងព្យាបាលមាត់-ធ្មេញអ្នកជំងឺឆែបក្រអូម ដោយឥតគិតថ្លៃ។

July 20, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺឆែបមាត់ ឆែបក្រអូមមាត់ ពិនិត្យនិងព្យាបាលធ្មេញ ការពិគ្រោះ និងបង្ហាត់និយាយ និងពិការមុខមាត់ពីកំណើត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ចាន់​ កុកចយ  លោកសាស្ត្រាចារ្យ នូ សារុំ សមាជិកក្រុមប្រឹក្សាភិបាល អង្គការញញឹមកម្ពុជា (Smile Cambodia) លោកស្រីវេជ្ជបណ្ឌិត Mumtaj Nisah អនុប្រធានសមាគម CLAPAM ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តំណាងអង្គការ Smile Asia ក្រុមគ្រូពេទ្យជំនាញពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន និងលោក លោកស្រី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការស្នាមញញឹមកម្ពុជា​។

កម្មវិធីនេះ ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្តល់សេវាពិនិត្យ ពិគ្រោះ វះកាត់ ព្យាបាលទន្តសាស្ត្រ បង្ហាត់និយាយ និងស្តារនីតិសម្បទាជូនកុមារ និងអ្នកជំងឺ ព្រមទាំងរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកសុខាភិបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ី អង្គការ Smile Cambodia អង្គការ Smile Asia ក្រុមគ្រូពេទ្យជំនាញ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើក្នុងកម្មវិធីមនុស្សធម៌នេះ ក្នុងគោលបំណងគំាំទ្រដល់បេសកកម្មមនុស្សធម៌ និងបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា ជាពិសេសកុមារ។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ការព្យាបាលអ្នកជំងឺឆែបមាត់ ឆែបក្រអូមមាត់ ការពិនិត្យព្យាបាលទន្តសាស្រ្ត និងពិការភាពមុខមាត់ពីកំណើត មិនត្រឹមតែជាការព្យាបាលផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារគុណភាពជីវិត ទំនុកចិត្ត និងអនាគតរបស់អ្នកជំងឺ និងគ្រួសាររបស់ពួកគេ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល និងមនុស្សធម៌។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យបានពាំនាំប្រសាសន៍ផ្ដាំផ្ញើ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយជំរុញឲ្យអង្គការ Smile Cambodia បន្តពង្រឹងការកសាងសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា ពង្រីកការបណ្តុះបណ្តាលទូទាំងប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងការស្រាវជ្រាវ និងការគ្រប់គ្រងទិន្នន័យ ព្រមទាំងគាំទ្រការរៀបចំគោលនយោបាយសុខាភិបាលជាតិ។ បន្ថែមពីនេះ ក៏បានស្នើឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី លើការស្រាវជ្រាវ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ក្នុងការថែទាំអ្នកជំងឺឆែបមាត់ និងឆែបក្រអូមមាត់ ដោយបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងវិវឌ្ឍទៅជាបណ្តាញសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន និងរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល សម្រាប់ប្រជាពលរដ្ឋ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image