July 21, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិក នៃគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-បេឡារុស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន លើកទី២ ដើម្បីត្រៀមរៀបចំ ពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំ ដែលបានស្នើឡើងដោយភាគីបេឡារុស សម្រាប់កិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា-បេឡារុស នៅសាធារណរដ្ឋបេឡារុស នាពេលខាងមុខ។
កិច្ចប្រជុំអន្តរក្រសួងបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន នៃគណៈកម្មាធិការចម្រុះ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ៥០រូប។
សូមបញ្ជាក់ជូនថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច មានច្រើនវិស័យរួមទាំងវិស័យសុខាភិបាល ដែលផ្តោតលើផលិតផលនិងសម្ភារៈវេជ្ជសាស្រ្តរវាងប្រទេសទាំង២។