July 21, 2026
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមការងារ (Kick-off Meeting) សម្រាប់គម្រោង «ការពង្រឹងសេវាសុខភាពសាធារណៈ និងសេវាមន្ទីរពេទ្យនៅភាគឦសាននៃប្រទេសកម្ពុជា» (KHM/003) ដែលជាជំនួយឥតសំណងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងសុខាភិបាល និងប្រទេសលុចសំបួរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុង គោលបំណង៖
១.ណែនាំសមាសភាពទីប្រឹក្សាគម្រោង និងបង្ហាញទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួរ ក្នុងកម្មវិធី KHM/003
២.ធ្វើបទបង្ហាញអំពីវិធីសាស្ត្រ ផែនការការងារ និងដំណាក់កាលសំខាន់ៗនៃការរៀបចំគម្រោង ដើម្បីធានាថាការអនុវត្តឆ្លើយតបចំអាទិភាព និងតម្រូវការជាក់ស្តែងរបស់វិស័យសុខាភិបាលកម្ពុជា ជាពិសេសនៅតំបន់ភាគឦសាន។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
១.ការឆ្លើយតបទៅនឹងតម្រូវការអាទិភាពមូលដ្ឋាន និងការពង្រឹងប្រព័ន្ធសុខាភិបាល
២.ការលើកកម្ពស់គុណភាពសេវាសុខភាពសាធារណៈ សេវាមន្ទីរពេទ្យ និងសេវាថែទាំសុខភាពបឋម
៣.ការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងធនធានមនុស្សក្នុងវិស័យសុខាភិបាល
៤.ការពង្រឹងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងការគ្រប់គ្រងមូលដ្ឋានសុខាភិបាល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាសភាពគណៈកម្មការដឹកនាំគម្រោង តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញ និងមជ្ឈមណ្ឌលជាតិនានា ចំណុះក្រសួងសុខាភិបាល ព្រមទាំងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍លុចសំបួរ (LuxDev) និងក្រុមបេសកកម្មរៀបចំគម្រោង។ ដោយឡែក តំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តគោលដៅ (ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី) ក៏បានចូលរួមតាមរយៈប្រព័ន្ធវីដេអូអនឡាញផងដែរ។