Cambodia
New Details

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។

July 23, 2026

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។

ពិធីនេះប្រព្រឹត្តទៅក្រោមសហអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុប ៥០០០នាក់ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ការលើកកម្ពស់សុខភាព និងសុខុមាលភាពពលរដ្ឋ» ជាអាទិភាពគន្លឹះមួយនៃការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និង «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» ជាអាទិភាពទី១ នៃកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ក្នុងន័យនេះ ក្រសួងសុខាភិបាលបានជំរុញអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តការខិតខំប្រឹងប្រែងប្រកបដោយភាពស្វាហាប់ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បានបង្កើនកាលានុវត្តភាពដល់វិស័យសុខាភិបាល ក្នុងការបន្តពង្រឹងសមត្ថភាពស្ថាប័ន និងភាពធន់នៃប្រព័ន្ធសុខាភិបាល ដោយសហការជាមួយវិស័យពាក់ព័ន្ធ ក្នុងអង្គភាពតែមួយ ដើម្បីបន្តការកែលម្អស្ថានភាពសុខភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់ ដែលជាការរួមចំណែក ដល់ការសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ និងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ថាភាពជោគជ័យរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូ គឺពាក់ព័ន្ធនឹងការចូលរួមយ៉ាងសកម្មពីសាមីអង្គភាពផ្ទាល់ ការចូលរួមគាំទ្រពីប្រជាព​ល​រដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ និងជាពិសេស ការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការជំរុញ​និងអភិវឌ្ឍមន្ទីរពេទ្យ និងមណ្ឌលសុខភាព​ រួមទាំងការគាំទ្រធនធាន ការផ្តល់ចក្ខុវិស័យ ការតម្រង់ទិស និងការផ្តល់កិច្ចសហការ ដែលនាំទៅដល់ការផ្តល់សេវាសាធារណៈមានគុណភាព កាន់តែល្អប្រសើរឡើង និងធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿទំនុកចិត្តកាន់តែខ្លាំងលើសេវាសុខាភិបាល។ ​

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ផ្អែកតាមបទពិសោធន៍នៃការវាយតម្លៃអង្គភាពសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល បានឆ្លុះបញ្ចាំងពីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង និងការបម្រើសេវាថែទាំសុខភាពជូនប្រជាជនប្រកបដោយទំនុកចិត្ត គុណភាព និងបានបង្ហាញពីសន្ទុះកើនឡើងជាលំដាប់នៃការចូលរួមរបស់អង្គភាពសុខាភិបាលមូលដ្ឋាន ដោយការចាប់ផ្តើមអភិវឌ្ឍ និងកែលម្អរបែបបទដំណើរការងារផ្តល់សេវាប្រកបដោយនវានុវត្តន៍ តាមរយៈ៖

១) ការខិតខំកែលម្អនូវដំណើរការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សកាន់តែល្អប្រសើរជាងមុន ជាពិសេស ​ការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនៅក្នុងនិងក្រៅអង្គភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តផ្នែកវេជ្ជសាស្ត្រ និងតម្រូវការនៃការបម្រើសេវាជូនប្រជាពលរដ្ឋ
២) ការរៀបចំនិងការថែរក្សាបរិស្ថាននៅក្នុងបរិវេណមូលដ្ឋានសុខាភិបាលបានស្អាតល្អ មានអនាម័យ និងមានភាពបៃតង និងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ សំណល់រាវ រឹង និងសំណល់ទឹកភ្លៀងបានល្អប្រសើរ
៣) ការគ្រប់គ្រងអង្គភាពកាន់តែមានគណនេយ្យភាព និងតម្លាភាព ក្នុងការរៀបចំផែនការ ការអនុវត្តថវិកា ព្រមទាំងការរៀបចំរបាយការណ៍មានភាពត្រឹមត្រូវ និងគោរពតាមបទដ្ឋានគតិយុត្តិជាធរមាន
៤) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាបន្តបន្ទាប់ ការគាំទ្រធនធានពីអាជ្ញាធរមូលដ្ឋាន ការចូលរួមពីសហគមន៍ និងការពង្រឹងដំណើរការបម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន និងអង្គភាពសុខាភិបាល ចូលរួមជំរុញ ​និងបន្តការយកចិត្តទុកដាក់បន្ថែមទៀត ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការកសាង អភិវឌ្ឍ និងការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29

Gallery Gallery
1 / 1
Gallery image