July 25, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានដឹកនាំក្រុមការងារចុះពិនិត្យ និងតាមដានការបម្រើសេវាសុខាភិបាល តាមផ្នែកនានា ព្រមទាំងចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីតាមដានវឌ្ឍនភាពនៃការបម្រើសេវា និងពង្រឹងគុណភាពនៃការថែទាំអ្នកជំងឺ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានចុះពិនិត្យការងារនៅតាមផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យ រួមមាន ផ្នែកសង្គ្រោះបន្ទាន់ និងទទួលអ្នកជំងឺដំបូង ផ្នែកវះកាត់ ផ្នែកសម្ភព រោគស្ត្រី និងផ្នែកកុមារ ព្រមទាំងចុះពិនិត្យបន្ទប់សល្យគារសម្រាប់វះកាត់ប្រព័ន្ធប្រសាទខួរក្បាល និងបន្ទប់ត្រៀមវះកាត់ប្តូរតម្រងនោម ដែលស្ថិតក្នុង អគារធិបតីសន្តិភាព ដែលទើបសាងសង់រួច។
ការចុះពិនិត្យនេះផ្តោតលើការរៀបចំប្រព័ន្ធទទួលអ្នកជំងឺ លំហូរនៃការផ្តល់សេវា គុណភាពនៃការព្យាបាល ការប្រើប្រាស់ធនធាន និងការធានាសុវត្ថិភាពអ្នកជំងឺ ដើម្បីធានាឱ្យការផ្តល់សេវាសុខាភិបាលមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំបច្ចេកទេសតាមផ្នែក ឯកឧត្តមសាស្ត្រាចារ្យ បានស្តាប់របាយការណ៍ស្តីពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅអភិវឌ្ឍន៍បន្តរបស់មន្ទីរពេទ្យ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូពេទ្យ បុគ្គលិកសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យការទទួល ពិនិត្យ និងព្យាបាលអ្នកជំងឺមានភាពឆាប់រហ័ស មានប្រសិទ្ធភាព និងជួយបង្កើនការពេញចិត្ត និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំឱ្យមន្ទីរពេទ្យបន្តពង្រីក និងពង្រឹងសេវាសុខាភិបាល ព្រមទាំងជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវា និងការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ ស្របតាមការរីកចម្រើននៃវិស័យសុខាភិបាល។
ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកជំងឺ និងក្រុមគ្រួសារ ឯកឧត្តមសាស្ត្រាចារ្យ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តជឿជាក់ លើសមត្ថភាពរបស់គ្រូពេទ្យកម្ពុជា ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ខ្ពស់ អាចផ្តល់សេវាព្យាបាលប្រកបដោយគុណភាព សុវត្ថិភាព និងស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យសាធារណៈ ដែលកំពុងត្រូវបានអភិវឌ្ឍ និងពង្រឹងជាបន្តបន្ទាប់ដើម្បីការចូលរួមការកាត់បន្ថយចំណាយពីហោប៉ៅផ្ទាល់ខ្លួនដោយប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំតាមផ្នែកនៃមន្ទីរពេទ្យ ឱ្យបន្តពង្រឹងគុណភាពសេវាសុខាភិបាល កែលម្អប្រព័ន្ធទទួលអ្នកជំងឺ បង្កើនសមត្ថភាពបុគ្គលិក ពង្រឹងសីលធម៌វិជ្ជាជីវៈ ការប្រាស្រ័យទាក់ទងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារ ព្រមទាំងបន្តកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធសុខាភិបាលកម្ពុជា ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ចូលរួមអមដំណើរឯកឧត្តមសាស្ត្រាចារ្យ ក្នុងឱកាសនោះ មានលោកស្រីឱសថការី សុផល ធីតា លោកសាស្ត្រាចារ្យ គុយ ណូ ប្រធានការិយាល័យបច្ចេកទេស តំណាងផ្នែករដ្ឋបាល ផ្នែកថែទាំ និងមន្ត្រីជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានចូលរួមពិនិត្យ វាយតម្លៃ និងពិភាក្សាលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីផ្តល់ការថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋ៕