Cambodia
New Details

Image
ក្រសួងសុខាភិបាល និងអង្គការ World Vision Cambodia ពិភាក្សាពង្រឹងកិច្ចសហការដើម្បីលើកកម្ពស់សុខភាពមាតា និងទារកនៅកម្ពុជា។

July 25, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអង្គការ World Vision Cambodia ដើម្បីពិនិត្យអាទិភាពគន្លឹះ និងពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់គុណភាពសេវាសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ សាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលការពង្រឹងគុណភាពថែទាំ និងព្យាបាលសុខុមាលភាពមាតា ទារក កុមារ និងរោគស្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញបច្ចេកទេសនៃក្រសួងសុខាភិបាល និងតំណាងអង្គការ World Vision Cambodia។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបង្ហាញអំពីកម្មវិធីអាទិភាពរបស់ក្រសួងសុខាភិបាលក្នុងការកែលម្អសុខភាពមាតា និងទារក ព្រមទាំងពិភាក្សាស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ ដើម្បីគាំទ្រការអនុវត្តកម្មវិធីជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើអាទិភាពសំខាន់ៗ រួមមាន ការពង្រឹងគុណភាពសេវាថែទាំមាតា និងទារក ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ការកែលម្អគុណភាពសេវាសម្ភព និងទារកទើបនឹងកើត ការលើកកម្ពស់អាហារូបត្ថម្ភ ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ការចូលរួមរបស់សហគមន៍ និងការគាំទ្រដល់ការអនុវត្តកម្មវិធីអាទិភាពរបស់ក្រសួងសុខាភិបាល ជាពិសេសនៅតាមមូលដ្ឋានសុខាភិបាល និងតំបន់ឆ្ងាយដាច់ស្រយាល។

លោកជំទាវសាស្ត្រាចារ្យ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អង្គការ World Vision Cambodia ជាមួយក្រសួងសុខាភិបាលកន្លងមក ជាពិសេសលើវិស័យសុខភាព និងអាហារូបត្ថម្ភ ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា។ លោកជំទាវក៏បានស្នើឱ្យអង្គការ World Vision Cambodia បន្តពិនិត្យលទ្ធភាពពង្រីកកិច្ចសហការលើការពង្រឹងគុណភាពសេវាថែទាំ និងព្យាបាលមាតា និងទារក ព្រមទាំងគាំទ្រការអភិវឌ្ឍសមត្ថភាពបុគ្គលិកសុខាភិបាល និងការពង្រឹងប្រព័ន្ធផ្តល់សេវានៅមូលដ្ឋានសុខាភិបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថាស្ត្រីមានផ្ទៃពោះ មាតា ទារក និងកុមារ ទទួលបានសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌។

ជាការឆ្លើយតប តំណាងអង្គការ World Vision Cambodia បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាដៃគូយ៉ាងជិតស្និទ្ធ
ជាមួយក្រសួងសុខាភិបាល ជាពិសេសនៅក្នុងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៨ ដល់ឆ្នាំ២០៣២ របស់ World Vision Cambodia ដើម្បីគាំទ្រដល់ការអនុវត្តអាទិភាពជាតិ និងរួមចំណែកលើកកម្ពស់សុខភាពមាតា ទារក និងកុមារ នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យសុខាភិបាល និងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image