July 30, 2026
ព្រឹកថ្ងៃពុធ ១៥កើត ទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាលសុខមាលភាពមាតា ទារក កុមារ និងរោគស្ត្រី បានអញ្ជើញជាអធិបតីតាមប្រព័ន្ធនិម្មិត បើកវគ្គបណ្តុះបណ្តាលការបញ្ចូលទិន្ន័យសេវា EmONC តាមKobo Toolbox។
វគ្គបណ្តុះបណ្តាលនេះមានក្នុងគោលបំណង៖ ១)ផ្តល់ការអនុវត្តក្នុងការប្រមូលទិន្នន័យ EmONC តាមប្រព័ន្ធ Kobo សម្រាប់ទូរទាំង២៥ រាជធានី ខេត្ត សម្រាប់ផែនការឆ្លើយតបក្នុងការពង្រឹងសេវា EmONC ទាំងសាធារណៈ និងឯកជន។ ២)ពង្រឹងសមត្ថភាពរបស់ថ្នាក់ជាតិ មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ និងមូលដ្ឋាន EmONC ទាំងអស់ ឱ្យប្រើប្រាស់ប្រព័ន្ធKobo Tool Box នេះ ដើម្បីតាមដានសេវារបស់ខ្លួនជាប្រចាំ និងធ្វើផែនការឆ្លើយតបទាន់ពេលវេលា ក្នុងគោលបំណងកាត់បន្ថយមរណៈភាពមាតា និងទារក ដែលអាចជៀសវាងបាន។
ថ្លែងក្នុងពិធី លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គចុងក្រោយនៃការអនុវត្តការវាយតម្លៃ EmONC Light Assessment Tool (EmONC LAT) នៅទូទាំងប្រទេស ដែលមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកក្នុងការប្រមូល និងបញ្ចូលទិន្នន័យ ប្រកបដោយភាពត្រឹមត្រូវ ពេញលេញ ស្មោះត្រង់ និងទាន់ពេលវេលា ដើម្បីធានាបាននូវទិន្នន័យ ដែលមានគុណភាពសម្រាប់ការសម្រេចចិត្ត និងការកែលម្អប្រព័ន្ធសេវាសុខភាពមាតា និងទារក។
ក្នុងឱកាសនេះដែរ លោកជំទាវសាស្ត្រាចារ្យ ក៏បានលើកឡើងពីលទ្ធផលបឋម នៃការវាយតម្លៃ EmONC LAT នៅមូលដ្ឋាន EmONC ចំនួន ១៦៤ (BEmONC ១១៤ និង CEmONC ៥០) ក្នុងរាជធានី ខេត្តចំនួន ១៥ ដែលបានបញ្ចប់ការប្រមូលទិន្នន័យក្នុងឆ្នាំ២០២៥ និង២០២៦។ លទ្ធផលបង្ហាញថា មានត្រឹម ១៨% នៃមូលដ្ឋាន EmONC ប៉ុណ្ណោះ ដែលអាចផ្តល់សេវាបានពេញលេញតាមសញ្ញាគន្លឹះទាំង៩ (Signal Functions) ខណៈមុខងារសង្គ្រោះបន្ទាន់មួយចំនួននៅមានការអនុវត្តបានតិចតួចនៅឡើយ ជាពិសេសនៅមូលដ្ឋាន BEmONC។ ទន្ទឹមនឹងនេះ ក៏នៅមានបញ្ហាប្រឈមពាក់ព័ន្ធនឹងកង្វះបុគ្គលិកជំនាញ ឱសថសារវន្ត សម្ភារៈបរិក្ខារ មន្ទីរពិសោធន៍ រថយន្តសង្គ្រោះបន្ទាន់ និងសមត្ថភាពផ្គត់ផ្គង់ឈាម នៅមូលដ្ឋានមួយចំនួន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដោះស្រាយជាបន្ទាន់។
លោកជំទាវបានអំពាវនាវដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលទាំងអស់ បន្តយកចិត្តទុកដាក់ក្នុងការប្រមូល និងបញ្ចូលទិន្នន័យតាមប្រព័ន្ធ KoBoToolbox ឱ្យបានត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា ព្រោះទិន្នន័យដែលមានគុណភាព គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំផែនការ ការបែងចែកធនធាន ការតាមដានវឌ្ឍនភាព និងការកែលម្អគុណភាពសេវាសុខាភិបាល។ ក្រសួងសុខាភិបាល នឹងបន្តពង្រឹងប្រព័ន្ធសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត (EmONC) ដោយផ្អែកលើភស្តុតាងពីការវាយតម្លៃ EmONC LAT សំដៅលើកកម្ពស់គុណភាពសេវាសុខភាពមាតា និងទារក កាត់បន្ថយមរណភាពមាតា និងទារក និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ (SDGs) គោលដៅគ្របដណ្តប់សុខភាពជាសកល (UHC) និងការប្តេជ្ញាចិត្តក្រោមកម្មវិធីសកម្មភាព ICPD។
លោកជំទាវសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណចំពោះអង្គការ UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខភាពមាតា និងទារកនៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងប្រព័ន្ធសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត។
វគ្គបណ្តុះបណ្តាលនេះ រៀបចំសម្រាប់រយៈពេល១ថ្ងៃ ដែលមានការចូលរួមពីលោកជំទាវសាស្ត្រាចារ្យ អង្គការដៃគូរអភិវឌ្ឍ UNFPA ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្តទាំង៨ ដែលជាវេជ្ជបណ្ឌិត ឆ្មប បំពេញការងារនៅផ្នែកសម្ភព និងផ្នែកទារក ទាំងសេវាសាធារណ: និងឯកជន អញ្ជើញមកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង ពោធិ៏សាត់ សៀមរាប ឧត្តមានជ័យ កោះកុង និងខេត្តប៉ៃលិន ចំនួន១៥១ រូប (ដោយផ្ទាល់ចំនួន ៩០រូប និងតាមប្រព័ន្ធនិម្មិតចំនួន៦១រូប) ដោយមានការគាំទ្រទាំងបច្ចេកទេស និងថវិកាដោយអង្គការ UNFPA និងរដ្ឋាភិបាលអូស្ត្រាលី។