Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ ស្តីពីសមាហរណកម្មនៃការទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺកុមារ (IMCI)។

July 31, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស រៀបចំធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ ស្តីពីសមាហរណកម្មនៃការទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺកុមារ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេស រៀបចំធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ ស្តីពីសមាហរណកម្មនៃការទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺកុមារ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

កិច្ចប្រជុំនេះមានគោលបំណងដូចខាងក្រោម៖
-បង្ហាញអំពីក្របខ័ណ្ឌ និងកាលវិភាគការងារធ្វើបច្ចុប្បន្នភាព
-ពិនិត្យមើលគោលការណ៍ណែនាំ IMCI ដែលមានស្រាប់ និងកំណត់វិសាលភាព
-បែងចែកភារកិច្ចជូនសមាជិកក្រុមការងារបច្ចេកទេស។

ក្នុងឱកាសបើកកិច្ចប្រជុំ លោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានជូននូវអនុសាសន៍ដ៏មានសារៈសំខាន់មួយចំនួនដើម្បីឱ្យក្រុមការងារយកទៅពិចារណា ដើម្បីរួមចំណែកក្នុងការរៀបចំគោលការណ៍ណែនាំថ្មី ដែលមានប្រសិទ្ធិភាព និងទាន់ពេលវេលា។

ជាមួយគ្នានេះដែរលោកជំទាវ បានលើកឡើងនូវអនុសាសន៍ផ្តាំផ្ញើ ៤ចំណុច រួមមាន៖
១.ការបង្កើត គោលលនយោបាយ គួរអនុវត្តន៍តាមអ្នកបច្ចេកទេស ដែលមានជំនាញ
២.ត្រូវលើកយកបញ្ហាប្រឈម មកពិភាក្សា ដើម្បីរកការលំបាក មកកំណត់ជាសកម្មភាពការងារ ដែលជាអាទិភាព
៣.ការបណ្តុះបណ្តាលត្រូវផ្តោតទៅលើសមត្ថភាព ជំនាញ និងការទទួលខុសត្រូវ
៤.ត្រូវរក្សាទំនាក់ទំនងក្រុមការងារជាប្រចាំ ដើម្បីតាមដានលើសកម្មភាពការងារដែលកំពុងអនុវត្ត។

លោកជំទាវសាស្ត្រាចារ្យ បានលើកទឹកចិត្តឱ្យក្រុមការងារ បន្ថែមនូវសមាសភាពអ្នកជំនាញបច្ចេកទេស មួយចំនួនទៀត ដើម្បីការរៀបចំឯកសារនេះកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត អញ្ជើញមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យកុមារជាតិ និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សរុបចំនួន ១៦រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image